ខេត្តកែប ៖ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកែប ខិតខំបន្ថែមទៀត ក្នុងការបង្កើនការផលិតផ្សព្វផ្សាយ ពីការអភិវឌ្ឍដែលរដ្ឋបាលខេត្តសម្រេចបានឲ្យបានដល់មហាជន និងបន្តធ្វើជាសេនាធិការឲ្យ រដ្ឋបាលខេត្ត ស្របតាមទិសស្លោករបស់ក្រសួងព័ត៌មានគឹ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ឯកឧត្តមមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តការងារបន្ត របស់មន្ទីរព័ត៌មានខេត្តកែប នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។
លោក សោម កុសល បន្តថា ក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាល លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញមន្ទីរព័ត៌មានតាមបណ្តារាជធានីខេត្ត ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណ:រវាងបណ្តាមន្ទីរជំនាញ អង្គភាពរដ្ឋ-ឯកជន និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
លោក បន្តជំរុញឲ្យក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិទាំង៥រូប ខិតខំបន្ថែមទៀត ក្នុងការអនុវត្តតួនាទីភារកិច្ច ដែលក្រសួងបានដាក់ចេញ សំដៅធ្វើយ៉ាងណា ក្តាប់ឲ្យបាននូវមតិរបស់មហាជន ផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ។
បន្ថែមពីនោះ លោក លើកទឹកចិត្តឲ្យមន្រ្តីបន្តព្យាយាមរៀនសូត្របន្ថែមទៀតពិសេសក្នុង បរិបទបច្ចេកវិទ្យា AI និងបន្តចែករំលែកចំណេះដឹងរវាងមន្រ្តី និងមន្រ្តី ដោយយកតាមទ្រឹស្តីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច៕











