ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោក គោ ស៊ុំសារឿត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង ។
នៅក្នុងដំណើរបេសកកម្មនោះ លោករដ្ឋលេខាធិការ ចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកកំពីងពួយ ដែលបច្ចុប្បន្នទឹកក្នុងអាងមានកំពស់ ២១,២ ម៉ែត្រ (កំពស់អតិបរមា ២៣,៥ ម៉ែត្រ) និងពិនិត្យទីតាំងស្រែជួបការខ្វះខាតទឹកនៅក្នុងឃុំអន្លង់រុន និងឃុំជ្រៃ ស្រុកថ្មគោល ។ ជាដំណោះស្រាយ លោករដ្ឋលេខាធិការ បានផ្ដល់ប្រេង ចំនួន ១.០០០ លីត្រ សម្រាប់ការបូមទឹកសង្គ្រោះស្រូវនៅក្នុងឃុំអន្លង់រុន និងបានបញ្ជាឲ្យមន្ទីរបើកទ្វារទឹកប្រឡាយមេ N1 ដើម្បីបញ្ជូនទឹកទៅផ្គត់ផ្គង់ដល់ដីស្រែនៅក្នុងឃុំជ្រៃ ។
បន្ទាប់មក លោករដ្ឋលេខាធិការ ក៏អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដោយពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងបានស្នើឲ្យមន្ទីរយកចិត្តទុកដាក់ដល់មន្រ្តីដែលជាស្រ្តី និងមន្ត្រីចាស់ៗ ៕
ដោយ៖ សីលា