ខេត្តត្បូងឃ្មុំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ប្រវែង ៦, ៣០គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។
ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានវត្តមានអញ្ជើញចូលរួមរបស់ លោកជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលនៃគណៈអភិបាលខេត្ត, តំណាងធនាគារពិភពលោក, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, ប្រជាពលរដ្ឋ សរុបប្រមាណ ៩០០នាក់។
ជាកិច្ចចាប់ផ្ដើម លោក ប៉ែន កុសល្យ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តត្បូងឃ្មុំ ។ បន្ទាប់មក លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង បានធ្វើរបាយការណ៍បញ្ជាក់ថា គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានទទួលថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក អនុវត្តដោយក្រសួងចំនួន ២ គឺ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ឆ្នាំ (ឆ្នាំ២០២០-២០២៩)សម្រាប់ធ្វើការកែលម្អផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៧៧គ.ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើសុន្ទរកថាស្វាគមន៍ ដោយបានថ្លែងថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្នល់ឱកាសនេះ គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់បេះដូងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្លូវថ្នល់នៅក្នុងយុគសម័យនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលជាទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួងបរិស្ថាន សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍នានាលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍នៅទូទាំងខេត្ត ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងសុន្ទរកថាស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តត្បូងឃ្មុំកាន់តែមានសម្រស់ស្រស់បំព្រង។ ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។ ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង ១ខ្សែ ប្រវែង ៦,៣០គ.ម និងសំណង់សិល្បការ្យចំនួន ១១កន្លែង និងការបំពាក់អំពូលសូឡាបំភ្លឺលម្អតាមដងផ្លូវ ចំនួន ១៦៧ដើម ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ ០២០គ្រួសារ ស្មើនឹងប្រជាជនសរុបជិត ១ម៉ឺននាក់ ក្នុងភូមិចំនួន១០ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ លោករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ជាមួយនឹងកម្មវិធីបើកការដ្ឋាននាពេលនេះ ក៏សូមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវខ្សែផ្លូវជនបទចំនួន ៩ខ្សែ ដែលមានប្រវែងសរុប ៧០,៤គ.
ម ផងដែរ ដែលផ្តល់ផលយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១២ឃុំ សរុបចំនួន ១៧៤,៦១០នាក់ ស្មើរនឹងជាង ១៥០០០គ្រួសារ, មណ្ឌលសុខភាពចំនួន ៧កន្លែង, សាលារៀនចំនួន២៦កន្លែង, ផ្សារ ៧កន្លែង និងវត្តអារាមចំនួន១២កន្លែង តាមរយៈការជួយគាំទ្រ និងសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ជាពិសេសធានាបានូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល។ លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាជន ដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ“កម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០”។
ជាចុងបញ្ចប់ លោករដ្ឋមន្រ្ដីក្រសួងទាំងពីរ និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកឱ្យដំណើរការសាងសង់ផ្លូវទាំង ១ខ្សែខាងលើ និងដាំបង្គោលសូឡាបំភ្លឺជានិមិត្តរូប ផងដែរ៕
















