ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការរៀបចំបង្កើតភូមិ «ស» គ្មានគ្រឿងញៀន ហើយការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ការផ្សព្វផ្សាយបទបញ្ជាលេខ០២បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងលិខិតលេខ៥០១ល.ស របស់អគ្គលេខាធិការ អ.ជ.ប.គ.ញ ព្រមទាំងការជូនប័ណ្ណសរសើរដល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានចាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក សុខ លូ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្រ្កាបគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀនឱ្យកាន់តែសកម្មភាពបន្ថែមទៀត។
លោក ណែនាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបើកយុទ្ធនាការជំរុញឱ្យមន្រ្តីចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs និងចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន ខណៈអ្នកចូលមើលអាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន។ ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់១០០%។
លោក បានក្រើនរំលឹកដល់មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការផ្សព្វផ្សាយយុទ្ធនាការថែរក្សាអនាម័យបរិស្ថានឱ្យបានផុសផុល ទប់ស្កាត់ការបំពុលបរិស្ថាន បញ្ឈប់ការដុតសំរាម និងកាត់បន្ថយការរំពងសំឡេងទ្រហឹងអឺងកងយ៉ាងអនាធិបតេយ្យ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក សុខ លូ ក៏បានក្រើនរំលឹកដល់មន្រ្តីអប់រំ និងសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។















