ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Mr. Michiel Oerlemans នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Cambrew (Carlsberg Cambodia) និងសហការី ចូលជួបសម្តែងការគួរ ដើម្បីពិភាក្សាអំពីបរិយាកាសនៃការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយពាណីជ្ជកម្មផលិតផលភេសជ្ជៈ និងស្រាបៀរនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបជាមួយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Michiel Oerlemans បានបញ្ជាក់ពីការប្តេជ្ញាចិត្តចូលរួមចំណែក និងតាំងចិត្តខ្ពស់ចូលរួមការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសបង្កើតឱកាសការងារជូន ដល់យុវជនកម្ពុជា។
ក្នុងជំនួបនោះ តំណាងសម្ព័ន្ធក្រុមហ៊ុន Carlsberg Group បានជម្រាបអំពីសាវតានៃការឈានជើងចូលទីផ្សារកម្ពុជា, បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម, ខ្សែសង្វាក់ផលិតកម្មភេសជ្ជៈរបស់ក្រុមហ៊ុន និងការចែកចាយលក់នៅក្នុងទីផ្សារ, ពិសេសគឺការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានា ដើម្បីលើកកម្ពស់គុណភាព និងប្រជាប្រិយភាពផលិតផលរបស់ខ្លួនក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែង ក៏ដូចជាស្នើសុំការចែករំលែកទស្សនៈ និងអនុសាសន៍ពីសំណាក់ ឯកឧត្តមរដ្ឋរដ្ឋមន្ត្រី ផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ទាំងផ្នែកសេដ្ឋកិច្ច ក្រោ មការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា លើការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកក៏បានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ដែលបានបោះជំហានយ៉ាងស្វាហាប់ រហ័សរហួន លើការងារអភិវឌ្ឍន៍ប្រទេស ជាពិសេសមានប្រជាជនវ័យក្មេងដែលពោលពេញដោយសមត្ថភាព ដែលជាកម្លាំងចលករមួយដ៏រឹងមាំ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, លោក Michiel Oerlemans បានប្តេជ្ញាចិត្តគោរពតាមគោលការណ៍ និងតាមច្បាប់ផ្សេងៗរបស់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវ និងភាពស្មោះត្រង់នៃការប្រកួតប្រជែងដោយស្មើភាព ជុំវិញការផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សាយ គ្រឿងស្រវឹង។
ជាឆ្លើយតប លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានបោះទុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារថ្មីៗដល់ប្រជាជនកម្ពុជា។ លោក រដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនគោរពឱ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំ និងច្បាប់បទដ្ឋានគតិយុត្តនានារបស់កម្ពុជា ជាពិសេសត្រូវចូលរួមពង្រឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ មានសណ្តាប់ធ្នាប់ និងចូលរួមប្រកួតប្រជែងដោយស្មោះត្រង់ មានសុច្ចរិតភាព ជាមួយបណ្តាក្រុមហ៊ុនវិនិយោគផ្សេងទៀតជាដើម។
លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ពីការខិតខំរួមគ្នា ដើម្បីឱ្យការងារផ្សព្វផ្សាយផលិតផលនានានៅលើទឹកដីកម្ពុជា គោរពតាមគោលការណ៍ច្បាប់ ដោយឈរលើស្មារតីស្មើភាពគ្នា នៃការប្រកួតប្រជែងជាដើម និងរំពឹងថា ក្រុមហ៊ុននឹងទទួលបានការគាំទ្រថែមមួយកម្រិតទៀត។
តាមរយៈ ប្រកាស ស្ដីពី ការ កំណត់ អំពី បែបបទ នីតិ វិធី និង វិធាន ក្នុង ការ គ្រប់គ្រង ការ ផ្សាយ ពាណិជ្ជកម្ម ផលិតផល គ្រឿងស្រវឹង របស់ ក្រសួង ព័ត៌ មាន បាន ឱ្យដឹង ថា ការ ផ្សាយ ពាណិជ្ជកម្ម ផលិតផល គ្រឿងស្រវឹង ត្រូវ គោរព ទៅ តាម គោលការណ៍ ដែល កំណត់ ដោយ ក្រសួង ព័ត៌មាន ។ គោលការណ៍ ដែល ត្រូវ បាន កំណត់ ក្នុង ប្រកាស ទាំងនោះ រួមមាន មិន អនុញ្ញាត ផ្សាយ ពាណិជ្ជកម្ម ឃោសនា និង ការ ផ្សព្វផ្សាយ លក់ គ្រឿង ស្រវឹង ដោយ យក ទស្សនិកជន ឱ្យ ទទួល ទាន គ្រឿង ស្រវឹង នៅ លើ ឆាក កម្មវិធី នានា ។ មិន អនុញ្ញាត ឱ្យ ផ្សាយ គ្រឿងស្រវឹង ផ្ដោត លើ គោលដៅ អនីតិជន និង /ឬ យក អនីតិ ជន មក ផ្សាយ ។ មិន អនុញ្ញាត ឱ្យ ផ្សាយ លក់ គ្រឿង ស្រវឹង នៅ ចន្លោះ ម៉ោង១៨ ដល់ ម៉ោង ២០ តាម ស្ថានីយ ទូរទស្សន៍ ឬ វិទ្យុ គ្រប់ ប្រភេទ លើក លែង តែ ការ ផ្សាយ ដោយ បង្ហាញ តែ រូប សញ្ញា ឬ ឈ្មោះ ផលិត ផល គ្រឿងស្រវឹង ។
ប្រកាស ដដែល បន្ថែម ថា ពាណិជ្ជកម្ម ផ្សាយ គ្រឿងស្រវឹង ត្រូវ មាន ចម្ងាយ មិន តិច ជាង ២០០ ម៉ែត្រ ជា ពិសេស នៅ ជុំវិញ បរិវេណ ទីតាំង មួយ ចំនួន ដូចជា គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថាន សាសនា រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ត និង អាកាសយានដ្ឋាន អន្តរជាតិ ។ ការ បង្ហាញ ពី ការ ទទួល ទាន គ្រឿងស្រវឹង ជា លក្ខខណ្ឌ តម្រូវ ឱ្យ សង្គម ទទួល ស្គាល់ ឬ សម្រាប់ ជោគជ័យ ក្នុង សង្គម ឬ មោទនភាពជាតិ ត្រូវ បាន ហាម ឃាត់ និង ត្រូវ គោរព អ្នក មាន តំណម រួម មាន អ្នក កាន់ សាសនា វប្បធម៌ អ្នក មាន ជំងឺ និង ស្រ្តី មាន ផ្ទៃ ពោះ ៕
ដោយ ៖ សិលា










