រដ្ឋាភិបាលចិនបានអំពាវនាវដល់ប្រទេសអាមេរិកឲ្យជួយគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទៅលើក្រុមឧទ្ទាមអិស្លាមជ្រុលនិយមស្ថិតនៅតំបន់ដាច់ស្រយាល់ភាគខាងលិចខេត្តស៊ីនជាំងរបស់ចិន ដោយបញ្ជាក់ថា វាក៏ជាបញ្ហា និងជាការគំរាមកំហែងទៅដល់សហរដ្ឋអាមេរិកផងដែរ ។
មន្ត្រីចិនបានថ្លែងថា ចលនាអិស្លាមទួគីស្ទងភាគខាងកើត (East Turkestan Islamic Movement (ETIM)) បានធ្វើសកម្មភាពជ្រើសរើសក្រុមជនជាតិដើមភាគតិចអ៊ុយហ្គ័រ គឺជាជនជាតិភាគតិចមូស្លីមច្រើនបំផុតមកពីខេត្តស៊ីនជាំង ហើយហ្វឹកហ្វឺនពួកជាមួយក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ ក្រុមនេះនឹងវិលត្រឡប់មកកាន់ទឹកដីចិនវិញដើម្បីធ្វើសង្គ្រាមដ៏វិសុទ្ធ ។
ទោះបីយ៉ាងណា ក្រុមអ្នកជំនាញអន្តរជាតិបានលើកជាសំណួរថា តើ ក្រុម ETIM ដែលលើកឡើងនេះ មានទំនាក់ទំនងជាមួយក្រុមបណ្តាញនៅក្នុងប្រទេសចិនដែរឬយ៉ាងណា ។
ក្រោយការជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីអាមេរិក ក្រសួងការបរទេសចិនបានបញ្ជាក់ថា ការគំរាមកំហែងពីអំពើភេរវកម្មបាននិងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រទេសចិនមានការគំរាមកំហែងខាងសន្តិសុខយ៉ាងខ្លាំងក្លាពីក្រុម ETIM និងអង្គការបណ្តាញភេរវកម្ម East Turkestan ដទៃផ្សេងៗទៀតដែលគោលដៅទៅលើប្រទេសចិន អាមេរិក និងសហគមន៍អន្តរជាតិដទៃផ្សេងទៀត ។ ដោយមូលហេតុនេះហើយ ទើបមានការស្នើឲ្យអាមេរិកជួយគាំទ្រ ប្រកៀកស្មាជាមួយចិននៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងកងកម្លាំងភេរវកម្មទាំងនេះ ។
ប្រភពបន្តថា អាមេរិក និងចិន បានចុះកិច្ចព្រមព្រៀងលើការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ក្រុមផ្តាច់ខ្លួនជ្រុលនិយមបង្កអំពើហិង្សា និងពង្រឹងទំនាក់ទំនង ចែកចាយព័ត៌មានសម្ងាត់ជាមួយគ្នាទាក់ទងរឿងភេរវកម្មនេះ ។
ជនជាតិអ៊ុយហ្គ័ររាប់រយនាក់ ឬប្រហែលរាប់ពាន់នាក់បានលួចឆ្លងដែនខុសច្បាប់ចាកចេញពីប្រទេសចិនកាលពីអំឡុងឆ្នាំថ្មីៗនេះ ដោយធ្វើដំណើរទៅកាន់ប្រទេសទួរគី តាមរយៈព្រំដែនប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ។
ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ជនអន្តោប្រវេសន៍បានភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញ អំពើហិង្សានៅក្នុងខេត្តស៊ីនជាំង ហើយរដ្ឋាភិបាលចិនបានរឹតត្បិតទៅលើជំនឿសាសនា និងវប្បធម៌របស់ពួកគេ ប៉ុន្តែការលើកឡើងនេះត្រូវទីក្រុងប៉េកាំងច្រានចោលទាំងស្រុង ។
ភាពចលាចលនៅក្នុងខេត្តស៊ីនជាំង កាលពីប៉ុន្មាន៣ឆ្នាំចុងក្រោយនេះបានបណ្តាលឲ្យស្លាប់មនុស្សរាប់រយនាក់ ។ ទីក្រុងប៉េកាំងបានបន្ទោសបញ្ហាទាំងអស់ទៅលើក្រុមឧទ្ទាមអិស្លាមជ្រុលនិយម ។ ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរចិនបានផ្តល់ភស្តុតាងតិចតួចទាក់ទិនអំពើហិង្សាដែលបានកើតឡើង ហើយមានទំនាក់ទំនងជាមួយក្រុមបណ្តាញ ETIM នោះខ្លាំងណាស់ ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុម ETIM នេះថាជាក្រុមភេរវកម្មផងដែរ បន្ទាប់ពីមានការវាយប្រហារភេរវកម្ម ១១ កញ្ញា ឆ្នាំ២០១១ ។
មន្ត្រីខ្លះនៅក្នុងជួររដ្ឋាភិបាលអាមេរិក ជាលក្ខណៈឯកជនបានសាកសួរសំណួរទៅលើថា តើអង្គការភេរវកម្មនេះមានឥទ្ធិពលនៅក្នុងខេត្តស៊ីនជាំងនេះបានដោយរបៀបណា? ទោះបីយ៉ាងណា ក្រុមអ្នកជំនាញបានបញ្ជាក់ថា វោហាសាស្ត្ររបស់អាមេរិកទៅលើក្រុមបណ្តាញភេរវកម្មនោះ អាចជាការផ្តល់ផលចំណេញទៅដល់ទីក្រុងប៉េកាំង ។
រដ្ឋាភិបាលចិនបានប្រឹងប្រែងយ៉ាងខ្លាំងក្លាណាស់ដែរនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម បន្ទាប់ពីទទួលរងការវាយប្រហារភេរវកម្មកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះមានការវាយប្រហារដោយប្រើកាំបិត កាលពីខែមីនា ឆ្នាំ២០១៤ ស្ថិតនៅស្ថានីយរថភ្លើងភាគនិរតីទីក្រុង Kunming ដែលបានសម្លាប់មនុស្ស៣១នាក់ផងដែរ ។
រដ្ឋាភិបាលចិនបានប្រុងជើងការខ្ពស់នៅមុនរៀបចំព្រឹត្តិការអត្តពលិកអន្តរជាតិនៅក្នុងទីក្រុងប៉េកាំងខែសីហានេះ និងការធ្វើព្យុហយាត្រាដែលរៀបចំធ្វើឡើងនៅខែបន្ទាប់ ដើម្បីរំលឹកខួបទី៧០ឆ្នាំ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរនោះ ៕