លោកប្រធានាធិបតី ស៊ី ជិនពីង បានហៅទូរស័ព្ទទៅលោកត្រាំ ស្តីពីតៃវ៉ាន់ ដោយនិយាយថា ការវិលត្រឡប់របស់តៃវ៉ាន់ទៅប្រទេសចិនវិញ គឺជា “ផ្នែកមួយនៃសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២”។
“ចិន និងសហរដ្ឋអាមេរិក បានប្រយុទ្ធគ្នាប្រឆាំងនឹងលទ្ធិហ្វាស៊ីសនិយម និងយោធានិយម។ ឥឡូវនេះ ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីការពារសមិទ្ធផលនៃសង្គ្រាមលោកលើកទី២” ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានដកស្រង់សម្តីលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា។
តាម Xinhua លោក ស៊ី ជីនពីង បានប្រាប់លោក ត្រាំ ថា «ចិន និងសហរដ្ឋអាមេរិកធ្លាប់ប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងរបបហ្វាស៊ីស និងយោធានិយម ដូច្នេះឥលូវគួរតែធ្វើការជាមួយគ្នា ដើម្បីការពារថែរក្សាសមិទ្ធផលនៃសង្រ្គាមលោកលើកទី២»។ មន្ត្រីសេតវិមានម្នាក់បានទទួលស្គាល់ថាមេដឹកនាំនៃប្រទេសទាំង២ ពិតជាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទប្រាកដមែន តែមិនបាន ផ្ដល់ព័ត៌មានលម្អិតឡើយ។ ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីងខាងលើទៀតសោត ធ្វើឡើងចំពេលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយថាប្រសិនបើចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ នោះជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា។
ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់។ តៃវ៉ាន់វិញបានច្រានចោលការអះអាង របស់ចិន ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលសម្រេចពីជោគវាសនារបស់តៃវ៉ាន់៕
រូបថត:AFP










