ឆេះខូចរថយន្តសេរីទំនើបអស់១គ្រឿងចតទុកក្នុងផ្ទះ សង្ស័យសត្វកណ្តុរកាត់ខ្សែភ្លើងបណ្តាលអោយឆ្លងចរន្ត

ចែករំលែក៖

ខេត្តកណ្តាល÷ រថយន្តទំនើប១គ្រឿង រងការឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដែលចតទុកក្នុងបរិវេណផ្ទះ សង្ស័យមានសត្វកណ្តុរចូលកាត់ប្រពន្ធ័ខ្សែភ្លើងក្នុងរថយន្ត។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០២និង ៣០នាទីរំលងអាធ្រាតថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុចក្នុងលំនៅដ្ឋានស្ថិតក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ គួន វង្សសុគន្ធី ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ហើយរថយន្តដែលឆេះ ម៉ាក Ford ពណ៌ស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ2BX-2286 រងការខូចខាតធ្ងន់ធ្ងរ ។

លោកអធិការបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងប៉ុស្តិ៍តាក្តុល ប្រជាការពារ និងប្រជាពលរដ្ឋក្បែរខាងបានចេញជួយពន្លត់ដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០២បំពង់ និង ប្រើទុយោទឹកស្អាតរបស់ម្ចាស់ផ្ទះទើបគ្រប់គ្រងបាន ។

...

តាមការសន្និដ្ធានជំហានដំបូងគឺដោយលំនៅដ្ឋាន ម្ចាស់រថយន្តរងគ្រោះ មានផើងផ្កា ដើមផ្កាវល្លិឡើងដើមរុក្ខជាតិនៅក្បែរនោះសង្ស័យជាជម្រកសត្វកណ្តុរ ហើយវាចូលកាត់ប្រព័ន្ធខ្សែភ្លើងក្នុងរថយន្ត បណ្តាលឱ្យឆ្លងចរន្តចេញពីអាគុយ ក្លាយជាអណ្តាតភ្លើងឆាបឆេះរថយន្តដោយខ្លួនឯង។ ក្នុងហេតុការណ៍មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print