ប្រទេសចិនបានបាញ់បង្ហោះយានអវកាស Shenzhou-22 ដោយជោគជ័យ

ចែករំលែក៖

យានអវកាស Shenzhou-22 មិនមានក្រុមនាវិកទេ ហើយដឹកតែទំនិញរួមមានអាហារអវកាស សម្ភារៈវេជ្ជសាស្ត្រ ផ្លែឈើស្រស់ៗនិងបន្លែ ក៏ដូចជាឧបករណ៍សម្រាប់ជួសជុលបង្អួចដែលប្រេះនៅលើយានអវកាស Shenzhou-20។

សារព័ត៌មាន AFP នាថ្ងៃអង្គារទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានផ្សាយឱ្យដឹងថា ចិនបានចេញបេសកកម្មបញ្ជូនយានអវកាសបន្ទាន់មួយដោយគ្មានផ្ទុកមនុស្ស បន្ទាប់ពីយានសម្រាប់ចុះមកវិញ របស់បេសកកម្មមុនត្រូវសង្ស័យបានរងការខូចខាត ជាហេតុនាំឱ្យក្រុមអវកាសយានិក ដែលកំពុងស្ថិតនៅលើស្ថានីយអវកាសរបស់ខ្លួនមិនមានមធ្យោបាយអាចត្រឡប់មកផ្ទៃផែនដីវិញ ដោយសុវត្ថិភាព។
យាន Shenzhou-22 ដំបូងឡើយ ត្រូវបានគ្រោងចេញបេសកកម្ម ដោយមានផ្ទុកក្រុមអវកាសយានិកឡើងពីផ្ទៃផែនដី នៅឆ្នាំ២០២៦ឯណោះទេ។ ប៉ុន្តែវាត្រូវបានបញ្ជូនឡើងទៅដោយគ្មានក្រុមអវកាសយានិកទៅជាមួយ ហើយមុនពេលកំណត់បែបនេះ បន្ទាប់ពីមានការសង្ស័យថា កម្ទេចកម្ទីអវកាស បានវាយប្រហារលើយានសម្រាប់ត្រឡប់មកវិញ នៃបេសកកម្ម Shenzhou-20។
ប្រការនេះបានធ្វើឱ្យក្រុមអវកាសយានិក របស់បេសកកម្ម Shenzhou-20 ត្រូវត្រឡប់ចុះមកផែនដីវិញ តាមរយៈយានរបស់បេសកកម្ម Shenzhou-21 កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ហើយដោយសារតែបែបនេះ ក្រុមអវកាសយានិក Shenzhou-21 ដែលឥឡូវកំពុងស្ថិតនៅលើស្ថានីយអវកាស Tiangong មិនមានយានសម្រាប់ចុះមកវិញ។ ហេតុដូច្នេះ ការបញ្ជូនយាន Shenzhou-22 ឡើងទៅមុនពេលកំណត់បែបនេះ ធានាថាពួកគេមានជម្រើសត្រឡប់មកវិញដោយសុវត្ថិភាព ប្រសិនបើមានករណីបន្ទាន់ណាមួយ។
ប៉ុន្មានឆ្នាំមកនេះ បេសកកម្ម Shenzhou ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនក្រុមអវកាសយានិក ឡើងចុះស្ថានីយ Tiangong ដើម្បីផ្លាស់ប្តូរវេនគ្នាប្រចាំការនៅលើនោះរៀងរាល់៦ខែ ហើយបេសកកម្មនីមួយៗ មានសមាជិកអវកាសយានិកសរុប៣នាក់។ ចិនគឺជាប្រទេសទី៣លើពិភពលោក ដែលបានបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាស បន្ទាប់ពីសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត (រុស្ស៉ី) ហើយមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីស្ថានីយអវកាសអន្តរជាតិ ISS ចាប់តាំងពីឆ្នាំ២០១១ មក នៅពេលសហរដ្ឋអាមេរិកហាមមិនឱ្យទីភ្នាក់ងារអវកាសរបស់ខ្លួន NASA ធ្វើការជាមួយទីក្រុងប៉េកាំង៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print