ភ្នំពេញ ៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ជាប្រធានកិត្តិយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននាំយកថវិកា និងអង្ករវីតាមីន ចំនួន៣០០កេស ទៅប្រគល់មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ ជាពិសេសកងទ័ពដែលបានមកទទួលសេវាព្យាបាលជំងឺ។
ក្នុងជំនួបមុនពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ខាងនេះ, ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា និងលោកជំទាវ លោកស្រី ជាសមាជិកនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានទាំងអស់ ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករសុខភាព ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់អ្នកជំងឺ ដែលសមានចិត្តប្រកបដោយសប្បុរសធម៌ចូលរួមចំណែកជាមួយមន្ទីរពេទ្យ និងរាជរដ្ឋាភិបាល ហើយសកម្មភាពដ៏ថ្លៃថ្លានេះគឺជាកម្លាំងចលករមិនអាចខ្វះបានជួយទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌ជាដើម។
នៅក្នុងឱកាសនេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានកោតសរសើរដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៍សម្បុរនោះគឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាលមកមានការជាសះស្បើយឡើងវិញ។
លោកស្រីបានគូសបញ្ជាក់ថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីននាឱកាសនេះពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយ ប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបោះជំហ៊ានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ ដូចគ្នានេះការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។
អង្ករវីតាមីន ដែលកាកបាទក្រហមកម្ពុជាទទួលបានពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពេលកន្លងមកកាកបាទក្រហមកម្ពុជា តែងតែនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋជាអ្នកជំងឺដែលមកសម្រាកព្យាបាលជំងឺ ជាពិសេសចែកជូនស្ត្រីមានផ្ទៃពោះ ដើម្បីរួមចំណែកថែបំប៉នសុខភាពរបស់ពួកគាត់ជាដើម។
សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា ព្រមទាំងនៅតាមគោលដៅជាច្រើនទៀតផងដែរ៕
ដោយ ៖ សិលា










