ភ្នំពេញ÷ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖
១-កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” ជាមួយគ្នានោះ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនជ្រាបដំណាក់កាលដំបូង ទទួលយកនិងធ្វើការស្រាវជ្រាវស៊ើបអង្កេត។
២-មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ព្រៃវែង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ស្តាប់ចម្លើយបុគ្គលដែលពាក់ព័ន្ធសរុបចំនួន១០រូប ក្នុងនោះមានលោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុកពារាំងផងដែរ។ ផ្អែកតាមការស៊ើបអង្កេតនេះ មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើសេចក្តីសន្និដ្ឋានថា ការចុះផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៥ “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” គឺយោធិននៃកងរាជអាវុធហត្ថស្រុកពារាំង មិនបានប្រព្រឹត្តអំពើទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញនោះទេ។
៣-មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ព្រៃវែង បានកសាងបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងតាមនីតិវិធី៕










