ខេត្តកំពង់ចាម ៖ ស្របពេលដែលមនុស្សម្នាកំពុងតែលង់លក់ក្នុងដំណេកនៅកណ្ដាលអធ្រាត្រស្រាប់តែមានអគ្គិភ័យបានឆាបឆេះផ្ទះឈើយ៉ាងសន្ធោសន្ធៅ ដោយផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ បន្ទាប់មក គេបានឃើញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្ត៤គ្រឿងបានមកអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីបង្ការកុំឲ្យឆេះឆ្លងទៅដល់ផ្ទះអ្នកជិតខាង។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យឆេះផ្ទះឈ្មោះ តុង អ៊ិត អាយុ៦៨ ភេទប្រុស ស្ថិតនៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តបានដឹកនាំបញ្ជាដោយផ្ទាល់ មានកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងការិយាល័យបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល និងកម្លាំងអធិការនគរបាលក្រុងកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងកម្លាំងពាក់ព័ន្ធមានកងរាជអាវុធហត្ថខេត្ត និងប្រជាពលរដ្ឋ បានចេញអន្តរាគមន៍ជាបន្ទាន់ដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ដោយមានការជួយជ្រោមជ្រែង ក្នុងនោះក៏មានវត្តមានលោកចៅសង្កាត់វាលវង់ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីបាញ់ទឹកពន្លត់ភ្លើងលើផ្ទះឈើដែលឆេះរបស់បុរសចំណាស់ ដោយធ្វើយ៉ាងណាមិនឱ្យភ្លើងឆេះរាលទៅដល់ផ្ទះអ្នកនៅក្បែរនោះ ។
អគ្គិភ័យបានរលត់១០០% នៅវេលាម៉ោង១និង០៩នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រើប្រាស់ឡានពន្លត់អគ្គិភ័យ០៤គ្រឿង គឺរថយន្តពន្លត់អគ្គិភ័យខេត្ត០៣គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងកំពង់ចាម០១គ្រឿង ។ ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹកជួយពន្លត់អស់ចំនួន០៧ស៊ីទែន ។ ចំពោះមូលហេតុនៃការឆេះមិនទាន់ដឹងច្បាស់មកពីមូលហេតុអ្វីនៅឡើយ។
លោកម៉ន ហេន ចៅសង្កាត់វាលវង់មានប្រសាសន៍ឲ្យដឹងដែលថា ផ្ទះដែលឆេះនោះគឺជាកម្មសិទ្ធិរបស់បុរសចំណាស់ឈ្មោះអ៊ិត រស់នៅជាមួយកូនប្រុសម្នាក់ អាយុជាង៣០ឆ្នាំ ហើយបុរសនេះប្រកបរបរលក់កាហ្វេនៅផ្សារធំក្រុងកំពង់ចាម ចំណែកប្រពន្ធរបស់បុរសចំណេះនេះ គឺរស់នៅជាមួយកូនឯខេត្តបាត់ដំបងឯណោះ ។ ចំពោះទំហំនៃការខូចខាតលោកសន្និដ្ឋានថា ក្រោម១ម៉ឺនដុល្លារ ៕










