ខេត្តត្បូងឃ្មុំ៖ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីលោករដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការចូលរួមពីកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងក្រពិត សហការជាមួយកម្លាំងយោធាភូមិភាគ២ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ សរុបចំនួន១៤នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ ដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណី រួមមាន ៖ លូស្បៃមុង ៨មាត់ របាំងស្បៃមុង ១២០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៦៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់៤៥គីឡូក្រាមទៅបឹងធម្មជាតិវិញ ។
ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តទិសដៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទសូមបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕
ដោយ៖តារា










