ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាងប្រទេសចិនសន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការសន្យារបស់ឯកឧត្តមប្រធានគណៈប្រតិភូ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” ។ វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់នៅទូទំាងប្រទេស មានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ប្រកបដោយសក្ដានុពលមិនខុសពីខេត្តស៊ីចាងដែលល្បីល្បាញខាងវិស័យទេសចរណ៍ធម្មជាតិនោះដែរ។
សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានតំាងពីយូរលង់ណាស់មកហើយ ឈរលើភាពស្មោះត្រង់ ការជឿជាក់ ការយោគយល់ និងការឱ្យតម្លៃគ្នាទៅវិញទៅមក យកផលប្រយោជន៍ពលរដ្ឋជាធំ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ គោលនយោបាយចិនមួយ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយ បន្ទាប់ពីរដ្ឋសភាទំាងពីរ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀមស្តីពីកិច្ចសហប្រតិបត្តិការ និងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានដ្ឋសភាប្រទេសទំាងពីរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ ឯកសារទាំងនេះ ជាមូលដ្ឋានគ្រឹះ ក្នុងការតភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្ត្រីអគ្គលេខាធិការដ្ឋាន។ ក្រោមស្មារតីនៃកិច្ចព្រមព្រៀងខាងលើនេះ សម្តេចបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធាណរដ្ឋប្រជាមានិតចិនចំនួនពីរលើក ហើយប្រធានគណៈកម្មការសភាកម្ពុជាមួយចំនួនបានបំពេញទស្សនកិច្ចនៅប្រទេសចិន។ រដ្ឋសភាកម្ពុជា ក៏បានទទួលស្វាគមន៍គណៈប្រតិភូសភាប្រជាជនទំាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ រដ្ឋសភាប្រទេសទាំងពីរបានបន្តរក្សានូវសន្ទុះវិជ្ជមាន និងភាពសកម្ម នៃកិច្ចសហប្រតិបត្តិការ ដោយបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរសភា ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
លោក ជៀន ធាន បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា និងរដ្ឋសភាកម្ពុជាទាំងមូលដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូ។ ឯកឧត្តម បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងស្រស់បំព្រងរបស់កម្ពុជា ដែលពោលពេញដោយសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
លោកប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីស្ថានភាពភូមិសាស្រ្ត និងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង។ ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ ខេត្តបានប្រើប្រាស់ថាមពលអគ្គិសនីស្អាត១០០% ពលរដ្ឋមានជីវភាពខ្ពស់។
ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លោក ជៀន ធាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាងតាមពេលវេលាសមស្របណាមួយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះ។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជារហូតមក មានដូចជាការគាំទ្រការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាយុទ្ធសាស្ត្រធារាសាស្ត្រដ៏មានឥទ្ធិពល និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានអរគុណមិត្តចិនដែលមានជំហម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះជម្លោះព្រំដែនកម្ពុជា និងថៃ។ សម្តេចបានគូសបញ្ជាក់ថា ជំហរមិត្តចិន ស្របនឹងនយោបាយកម្ពុជា ដែលស្រឡាញ់សន្តិភាព ស្វែងរកការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេរភាគី។ គោលជំហរកម្ពុជាស្ងាត់តែមិននៅស្ងៀម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print