ខេត្តឧត្តរមានជ័យ ៖ មានអគ្គិភ័យឆាបឆេះរាលដាលដល់ស្រូវអស់ជាច្រើនហិកតា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋម្ចាស់ស្រែបានឲ្យដឹងថា ដីស្រែរបស់ប្រជាពលរដ្ឋចំនួន៥គ្រួសារស្មើផ្ទៃដីទំហំ១១ហិកតាស្ថិតនៅចំណុចត្រពាំងព្រីងតាណែម ខាងកើតអូរកប់សេះប្រហែល២គីឡូម៉ែត្រក្នុងភូមិឃុំខាងលើ។
ប្រជាពលរដ្ឋដដែលបានបញ្ចាក់ថា ក្នុងចំណោមផ្ទៃដីស្រែរបស់ពលរដ្ឋទំហំ១១ហិកតានោះ មានដីស្រែខ្លះបានច្រូតកាត់រួចរាល់មួយចំនួនហើយ តែមិនទាន់ដឹកជញ្ជូនស្រូវ និងដីស្រែខ្លះទៀតមិនទាន់បានច្រូតកាត់នៅឡើយទេ។
អាជ្ញាធរបានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ឈ្មោះជុង រិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ បានដុតគល់ឈើក្នុងដីស្រែរបស់ខ្លួន បន្ទាប់មកបានពន្លត់រួចហើយដែរ តែវានៅសេសសល់ខ្លះមិនទាន់រលត់អស់ ស្រាប់តែភ្លើងបានឆេះរាលដាលឡើងវិញ ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិមានមនុស្សចូលរួមពន្លត់ចំនួន៤៥នាក់ (ស្រី១៨នាក់)ដែរ តែអកុសលដោយសារតែភ្លើងឆាបឆេះលឿនពេកស្រូវក្នុងស្រែឆេះម៉ត់ដោយមិនអាចជួយសង្គ្រោះបានឡើយ៕










