ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៥ នេះថា យុវជនម្នាក់និងបក្សពួកដែលជាក្រុមក្មេងទំនើងប្រើអំពើហិង្សាត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី។។
ប្រភពខាងលើបានឲ្យដឹងថា អនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹមសុកខៃស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌស្រាវ ជ្រាវនិងបង្រ្កាបមុខសញ្ញាក្រុមក្មេងទំនើងបង្កហិង្សាដោយ ចេតនានៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ដេញវាយដេញកាប់បណ្តាលឲ្យរបួសស្រាលមនុស្ស១នាក់មាន ឈ្មោះ សុក កញ្ញា ភេទប្រុស ដែលកំពុងតែជួបជុំបងប្អូនសាច់ញាតិ ។
មន្ត្រីនគរបាលខាងលើបានឲ្យដឹងថា ក្នុងប្រតិបត្ដិការជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងដកហូតសម្ភារៈវត្ថុតាងរួមមានកាំបិតផ្គាក់ចំនួន២ដើម និងដំបងចំនួន២កំណាត់ ១. ឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់, ២. ឈ្មោះ រដ្ឋា ឈុនណេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់,៣. ឈ្មោះ កែវ រ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់និង៤. ឈ្មោះ ចាន់ វឌ្ឍនៈ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នមុខសញ្ញាទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ ចំណាត់ការតាមនិតិវិធី៕










