ភ្នំពេញ៖ សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» និង «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែល រៀបរៀង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភី <<Best of the Best – Cambodia ពី Gourmand Awards Best of the Best ១៩៩៥-២០២៥ (៣០ឆ្នាំ) នៅក្នុងកម្មវិធី The Saudi Feast Food Festival ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមមកពីប្រមាណ ២០០ ប្រទេស ទូទាំង ពិភពលោក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ កាលពីឆ្នាំ២០២១ និងសៀវភៅកេរដំណែល ស្នាដៃម្ហូបខ្មែរ ភាគ២ ក្នុងឆ្នាំ២០២៥ ក្នុងគោលបំណងលើកស្ទួយវិស័យការទូតអាហារ និងលើកកម្ពស់ កិត្យានុភាពជាតិ ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួង។
ពានរង្វាន់ខាងលើជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ បន្ទាប់ពីសៀវភៅភាគ ១ ទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន «Best Asian Cookbook” ក្នុង ឆ្នាំ២០២១ «Best Asian Cuisine Book” និង “Heads of State/Food» ក្នុងឆ្នាំ២០២២ និង «Best Television Awards” ក្នុងឆ្នាំ២០២៣ ទន្ទឹមនេះ សៀវភៅភាគ២ ទើបនឹងទទួលបានពានរង្វាន់ “Special Award of the Jury» កាលពីខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។ សៀវភៅម្ហូបទាំង ២ បានពិពណ៌នាយ៉ាងពិស្តារពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរ តាមរយៈវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេស។
ការទទួលបានពានរង្វាន់ជាបន្តបន្ទាប់របស់សៀវភៅម្ហូបទាំង ២ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ៕ដោយ៖តារា










