ភ្នំពេញ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រៅពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ការងារបន្ទាប់ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវងាកមកគិតគូរគឺការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀត ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានខឿនសេដ្ឋកិច្ចនិងខឿនការពារជាតិរឹងមាំ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ខណៈស្ថានភាពពិភពលោកប្រែប្រួលឥតឈប់ឈរ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ណែនាំពីទិសដៅការងារបន្តដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ រួមមាន៖
– ធានាដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
– គិតគូរ និងផ្តល់ឱកាសដល់មន្ត្រី បង្កលក្ខណៈងាយស្រួលឱ្យគាត់អាចបំពេញការងារបាន លើកតម្កើងអ្នកដែលខំប្រឹងប្រែងធ្វើការ។
– ការងារសុរិយោដី៖ ជំរុញច្បាប់គ្រប់គ្រងការវាស់វែងនិងការផលិតផែនទី ព្រោះក្រសួងនឹងក្លាយជាអង្គភាពដែលត្រូវរៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
– តំបន់បឹងទន្លេសាប ៖ ជំរុញការធ្វើវារីវប្បកម្ម និងគិតគូរអ្វីដែលត្រូវធ្វើទៅមុខទៀត ក្រៅពីស្រូវនិងដំណាំដទៃទៀត។
– តំបន់បេតិកភណ្ឌពិភពលោកអង្គរ៖ ជាប្រភពចំណូលកម្ពុជា ដូច្នេះត្រូវរក្សាមរតកដូនតាផង និងធានាថាប្រជាជននៅអង្គរទទួលបានប្រយោជន៍ពីអង្គរ និងហៅខ្លួនឯងថាអ្នកស្រុកអង្គរ ហើយចូលរួមថែរក្សាការពារអង្គរ។
– ការងាររៀបចំដែនដី៖ ជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការនៃការប្រើប្រាស់ដី នៅទូទាំងប្រទេស ដែលជាមុខងារចម្បងក្នុងការរៀបចំដែនដី ហើយផ្អែកលើមូលដ្ឋាននេះ អភិបាលរាជធានី-ខេត្ត នឹងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានី-ខេត្តរបស់ខ្លួន ដោយក្រសួងនឹងគាំទ្រផ្នែកបច្ចេកទេសបន្ថែម។
– ការរៀបចំក្រុង និងទីប្រជុំជន៖ ផ្តោតលើការរៀបចំភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទីក្រុងជាទីក្រុងស្រួលរស់នៅ។
– ការងារលំនៅឋាន៖ មិនមែនផ្តោតតែលើផ្ទះ និងស្ថាបត្យកម្មប៉ុណ្ណោះទេ តែជាកន្លែងបណ្តុះនូវទំនាក់ទំនង ឥរិយាបថល្អប្រពៃ ប្រពៃណី ទំនៀមទម្លាប់ល្អ សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងសង្គមជាតិ។
– គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ប្រែក្លាយពីគម្រោងសម្បទានដីសង្គមកិច្ច ទៅជាគោលនយោបាយសម្បទានដេីម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ននិងផ្តល់សេវាចាំបាច់ ដេីម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន។
– ការងារសំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ដែលសំណង់មិនមែនគ្រាន់តែផ្តោតលើសំណង់អគារ តែជាវិស័យដើម្បីធានានូវការផ្តល់ការងារធ្វើ ចំណូល និងកំណើននិងដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជា។
– បន្តការអប់រំផ្សព្វផ្សាយអំពីសកម្មភាព និងការងារក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដេីម្បីជំរុញការចូលរួម។
– ការងារមូលដ្ឋាន៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គួរផ្តោតលើសហគមន៍ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា។
– ការងារជាមួយវិស័យឯកជន៖ ត្រូវងាកមកគិតគូរបន្ថែមលើឧស្សាហកម្មប្រាក់កម្ចី ក្នុងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីប្រែសង្គមនិងសេដ្ឋកិច្ច។
– ឧស្សាហកម្មតុបតែងលម្អ៖ ជាការងារត្រូវធ្វើនិងថែរក្សានូវដង្ហើមសេដ្ឋកិច្ច។
គួរជម្រាបជូនថា ការមានប្រសាសន៍បែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ នាទីស្តីការក្រសួង៕




ដោយ៖តារា










