ខេត្តបាត់ដំបង ៖ លោក សុខ លូ បានរំលេចពីការអភិវឌ្ឍទីលានចាក់សំរាមស្ដង់នៅស្រុកបាណន់ ការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅស្រុកសង្កែ និងស្រុកឯកភ្នំ ដើម្បីរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ធ្វើប្រព្រឹត្តកម្មមុនបញ្ចេញទៅប្រភពទឹកធម្មជាតិដែលការអភិវឌ្ឍទាំងអស់នេះសំដៅបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ អ្នកក្រុងបាត់ដំបង។
ការលើកឡើងរបស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។
ឆ្លើយតបនិងការអភិវឌ្ឍសមិទ្ធផលធំៗខាងលើនេះ លោក សុខ លូ សំណូមពរដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់សូមមេត្តាយោគយល់អធ្យាស្រ័យខ្ពស់ អត់ធ្មត់រយៈពេលខ្លី ខណៈរដ្ឋបាលខេត្តបាត់ដំបង ប្ដេជ្ញានឹងសាងសង់ផ្លូវក្នុងក្រុងបាត់ដំបងទាំងអស់ ឡើងវិញនៅពេលបញ្ចប់គម្រោងអភិវឌ្ឍន៍។
លោក សុខ លូ បានបង្ហើបពីទស្សនៈវិស័យអភិវឌ្ឍន៍ និងរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ស្មាត និងងាយស្រួលរស់នៅប្រកបដោយផាសុខភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ៕














