សមត្ថកិច្ចកំពុងពិនិត្យទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. នៅពេលមានករណីមានត្រីនិងគោងាប់នៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក, ឃុំជៀប, ឃុំអភិវឌ្ឍន៍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាននិងបានធ្វើឱ្យត្រីនិងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាលនៅតាមអូរឬស្សីដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។

ដោយមានការគាំទ្រនិងសហការពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, មន្ត្រីក្រសួងរ៉ែនិងថាមពល, មន្ទីរបរិស្ថានខេត្ត, មន្ទីររ៉ែនិងថាមពលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញក្រសួងបរិស្ថានបានធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ទីតាំងនិងសំណាកត្រីងាប់មួយចំនួន។ ក្រុមការងារបានបន្តបំពេញភារកិច្ចរហូតដល់វេលាយប់ថ្ងៃដដែលនេះ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពុងពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជននៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើនក្នុងតំបន់«អូរឬស្សី» ដែលមានទីតាំងស្ថិតក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រសួងបរិស្ថានភ្លាមៗក៏បានចាត់វិធានការនិងបានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងតាមដានករណីនេះដើម្បីរកប្រភពបំពុល និងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ក្នុងពេលនេះ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់នៅជិតអូរកុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របីកុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។

...

ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់តឹងរុឹងស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុលពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print