លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ នាព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងពិគ្រោះពិភាក្សា រកដំណោះស្រាយ ព្រមទាំងផ្តល់អនុសាសន៍លើបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការអនុវត្តផែនការឆ្នាំថ្មី ឆ្នាំ២០២៦ ខាងមុខនេះមានដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

បន្ទាប់ពីធ្វើការបូកសរុប វាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ លោកបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា តាមរយៈលទ្ធផលឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញថាសំណុំរឿងដោះលែងដោយមានលក្ខខណ្ឌមានការកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៤កន្លងមក ហេតុនេះសមាសភាពនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ (គ.ដ.ដ.) គ្រប់រូប ត្រូវបន្តពង្រឹងបន្ថែមទៀតលើការអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យស្របតាមមាត្រា៥១២ មាត្រា៥១៣ មាត្រា៥១៤ មាត្រា៥១៥ និងមាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងតាមគោលការណ៍ណែនាំ ឬសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ រួមទាំងបទប្បញ្ញត្តិជាធរមាននានា ដែលមានការពាក់ព័ន្ធ។ លើសពីនេះទៀត សមាសភាព គ.ដ.ល. ត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួនក្នុងការផ្តល់យោបល់លើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ជានិច្ច ព្រមទាំងឆាប់រហ័ស ជាពិសេស មុននឹងផ្តល់យោបល់លើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ត្រូវតែពិនិត្យឱ្យបានម៉ត់ចត់លើ យោបល់របស់ប្រធានពន្ធនាគារ ព្រះរាជអាជ្ញា និងឯកសារពាក់ព័ន្ធទាំងអស់ដែលទទួលបានពីប្រធានសាលាដំបូង ដោយក្នុងនោះលេខាធិការដ្ឋាន គ.ដ.ល ត្រូវបំពេញតួនាទីជាសេនាធិការជំនាញក្នុងការផ្តល់យោបល់ជូនគណៈកម្មការជាតិលើសំណើសុំយោបល់ពីសាលាដំបូង និងជាយន្តការសម្របសម្រួលរវាងគណៈកម្មការជាតិ និងសាលាដំបូងរាជធានីខេត្តផងដែរ ។

សម្រាប់ឆ្នាំ២០២៦ខាងមុខ គណៈកម្មាធិការជាតិនឹងពង្រឹងបន្ថែមទៀតលើការអប់រំផ្សព្វផ្សាយឱ្យបានស៊ីជម្រៅដល់អ្នកប្រតិបត្តិ និងអ្នកពាក់ព័ន្ធទាំងអស់ ទាក់ទងនឹងយន្តការនៃការដោះលែងដោយមានលក្ខខណ្ឌនេះ និងដាក់ចេញនូវជំហានសាកល្បងបន្ថែមទៀត ដើម្បីបន្តពិនិត្យវាយតម្លៃលើការអនុវត្តយន្តការនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print