លោក​ ផន​ រឹម​៖​ ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)។

ត្រង់ចំណុចនេះ យើងអាចទាញថយក្រោយទៅកាលពីច្រើនឆ្នាំមុនពេលដែលសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស នៅមានការលំបាក និងមិនសូវទំនើប យើងតែងឃើញទូកល្បឿនល្បឿនភ្នំពេញ-សៀមរាប និងសៀមរាប-ភ្នំពេញ មានសកម្មភាពសេវាកម្មយ៉ាងមមារញឹក។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា​ ក្នុងអំឡុងក្រោយៗមកទៀត ក៏ស្ងាត់បាត់វត្តមានមួយរយៈធំ បន្ទាប់ពីមានការរីកចម្រើនដ៏ខ្លាំង នូវការដឹកជញ្ជូនតាមផ្លូវគោក ជាពិសេសបន្ទាប់ពីផ្លូវជាតិលេខ៦ បានសាងសង់រួចរាល់ ហើយការដឹកជញ្ជូនតាមផ្លូវអាកាសក៏កាន់តែទំនើប ងាយស្រួល រហ័ស តម្លៃសមរម្យ បូករួមនឹងកត្តាបញ្ហាហិរញ្ញវត្ថុក្រុមហ៊ុនអាជីវកម្មផងនោះ។
ការលេចវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)នាពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកជាបច្ច័យដ៏ល្អ និងបានផ្តល់នូវជម្រើសកាន់តែសំបូរបែប ដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរ ដែលនិយមធ្វើដំណើរតាមផ្លូវទឹក គយគន់ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក សត្វស្លាប និងទស្សនាភូមិឋានអ្នកភូមិរស់នៅលើផ្ទៃទឹកជាដើម។

ទន្ទឹមនឹងនោះ នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការដោយអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតិនាវា ព្រមទាំងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ។

...

ជារួមក្រសួងសាធារណការ និងដឹកជញ្ជូន តែងគាំទ្រសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក និងជំរុញឱ្យមានសេវាកម្មនេះឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍ និងផ្តល់ជម្រើសកាន់តែសំបូរបែបដល់អ្នកដំណើរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print