ភ្នំពេញ:ក្មេងស្រីសិស្សសាលាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ូតូឌុបគ្នាហើយបានវ៉ាជែងខាងឆ្វេងរថយន្តឃ្លុប១គ្រឿង ខណៈនោះក៏ទាក់ដៃចង្កូតជាមួយរថយន្តខាងលើបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិនបែកក្បាលស្លាប់ភ្លាមៗ ចំណែកមិត្រភក្ដិរងរបួសស្រាលប៉ុណ្ណោះ ។
ហេតុការាណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីពរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុី ជីនពីង ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះឈ្មោះ ស៊ឹម សាណាក់ឡាលីន អាយុ១៣ឆ្នាំ មុខរបរសិស្សសាលាប៊ែល ធី មានទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកមិត្តភក្ដិស្រីម្នាក់ទៀតរងរបួសស្រាលឈ្មោះចេរត្តនា រូស្ស រូហ្សា អាយុ១២ឆ្នាំ មុខរបរសិស្សសាលាប៊ែល ធី មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លឆកលេខភ្នំពេញ3E-8563 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តនៅជិតទីតាំងកើតកើតហេតុ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1LH-7131 ឌុបឈ្មោះចរត្តនា រូស្សរូហ្សា ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីស៊ីជិនពីងក្នុងទិសដៅពៅជើងទៅត្បូង ប៉ុន្តែពុំដឹងថាពួកនាងជិះណានោះទេ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងខាងឆ្វេងរថយន្តឃ្លុប១គ្រឿង ខណៈនោះក៏ទាក់ដៃចង្កូតជាមួយរថយន្តខាងលើបណ្ដាលអោយដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិនបែកក្បាលស្លាប់ភ្លាមៗ ចំណែកមិត្រភក្ដិរងរបួសស្រាល ។
ចំណែកស្រ្តីម្នាក់ត្រូវជាម្ដាយមីងអ្នកស្លាប់បាននិយាយថា នៅវេលាម៉ោង១រសៀលថ្ងៃកើតហេតុគាត់បានដឹកជូនក្មួយស្រីរងគ្រោះចេញពីផ្ទះទៅដាក់នៅសាលាប៊ែល ធីអន្តរជាតិ ស្ថិតនៅតាមផ្លូវជាតិលេខ ភូមិព្រៃព្រីងត្បូង១ សង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលដាក់នៅសាលារួច ក៏ត្រលប់ទៅផ្ទះវិញ ក្រោយមកមិនបានដឹងថាក្មួយជិះម៉ូតូជាមួយមិត្តភក្ដិចេញពីសាលាទៅណានោះទេ ស្រាប់តែមានគ្រះថ្នាក់ដល់ស្លាប់បែបនេះទៅវិញ ។ ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅវាស់វែងនិងប្រគល់សាកសពអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីព្រមទាំងនាំយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ










