ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2025 ថា ហេតុការណ៍ប្លន់ប្រដាប់បានកើតឡើងនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទី ស្ថិតនៅចំណុចដីទំនេរក្បែរមាត់សមុទ្រ ក្នុងក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមានករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកខ្សែ.កផ្លាទីនទម្ងន់១.៥ តម្លឹង ពីជនរងគ្រោះមានឈ្មោះ សំ ឡៃហួត ភេទប្រុស អាយុ៦១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូជនរងគ្រោះដើម្បីជិះទៅហាងខារ៉ាអូខេ តែពេលជិតដល់ទិសដៅ ជនសង្ស័យក៏បានឲ្យជនរងគ្រោះជូនទៅកន្លែងផ្សេងមួយទៀត។ រហូតដល់កន្លែងដែលមានសភាពស្ងាត់ក៏ឱ្យជនរងគ្រោះឈប់ម៉ូតូ រួចធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក រួចទាញយកខ្សែ.កពីជនរងគ្រោះ ហើយធ្វើឱ្យមានការប្រតាយប្រតប់គ្នា។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានដឹកនាំបញ្ជាកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលធ្វើការដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ សៀម ហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖
-ខ្សែកមួយខ្សែ (របស់ជនរងគ្រោះ)
-កាំបិតមួយដើម (របស់ជនសង្ស័យ)
-ទូរស័ព្ទមួយគ្រឿងម៉ាកiphone(របស់ជនសង្ស័យ)។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










