លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ

ចែករំលែក៖

កំពង់ស្ពឺ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបោះជំរំនេះ គឺជាការផ្ដល់ការអប់រំដល់កុមារ ដល់យុវតី នូវការអប់រំបែបចលត ការបង្រៀននូវអ្វីដែលមិនបានរៀននៅក្នុងសាលា ការរៀនអនុវត្តជាក់ស្ដែងនៅក្នុងជីវិត ហើយក៏ជាការផ្ដល់ឱកាសដល់អ្នកចូលរួម បានរៀនពីការទទួលខុសត្រូវ ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះបង្កើតទំនាក់ទំនង និងសាមគ្គីភាព ចេះស្គាល់ និងដោះស្រាយជម្លោះ ឬឧបសគ្គ ជំនះការភ័យខ្លាច ធ្វើការងារជាក្រុម ធ្វើលំហាត់កាយ និងលំហាត់ផ្លូវចិត្ត ព្រមទាំងរៀនស្គាល់ និងផ្ដល់តម្លៃនៃការអភិរក្សបរិស្ថាន ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា គោលបំណងនៃកម្មវិធីបោះជំរំនេះ ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ចំណេះដឹងថ្មីៗ ដែលមានលក្ខណៈជាការអប់រំប្រព័ន្ធ ក្រៅប្រព័ន្ធដល់កុមារី យុវតីកម្ពុជា ជាពិសេសគឺការផ្ដល់ឱកាសដល់សមាជិការសកម្មមក ពីគ្រប់រាជធានីខេត្តទាំងអស់ ឲ្យបានស្គាល់គ្នា បង្កើតភាពស្និទ្ធស្នាល និងផ្លាស់ប្ដូរបទពិសោធន៍នៃការស្នាក់នៅជុំគ្នា ក្នុងរយៈពេលខ្លី ។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់កម្មវិធី និងសកម្មភាពផ្សេងៗ ដែលព្រឹត្តិការណ៍រៀបចំ គឺមានអត្ថប្រយោជន៍ទាំងអស់ សម្រាប់កុមារី និងយុវតីដែលបានចូលរួម ហើយក៏ផ្ដាំផ្ញើទៅកាន់ប្អូនៗ ដែលបានចូលរួមទាំងអស់ ខិតខំអនុវត្តតាមគោលការណ៍បោះជំរំ ដើម្បីឲ្យពិធីប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ។

ក្រុមយុវតីជាសមាជិកកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប លើកឡើងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ ជាមួយនឹងការរំពឹង និងជឿជាក់ថានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ ពីកម្មវិធីនេះ ។

ពួកគេបានចាត់ទុកកម្មវិធីនេះ ពិតជាបានលើកទឹកចិត្ត និងជំរុញឲ្យកុមារី យុវតីកម្ពុជា មានភាពក្លាហាន និងរឹងមាំ ក្នុងខណៈពេលរស់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែមានថ្នាក់ដឹកនាំ និងបងស្រីៗ រួមទាំងមិត្តភក្តិបានផ្ដល់កម្លាំងចិត្ត និងផ្ដល់ភាពកក់ក្ដៅ ទើបធ្វើឲ្យពួកគេមានសុវត្ថិភាព ហើយប្ដេជ្ញាចូលរួមកម្មវិធីនេះឲ្យបានចប់ និងអនុវត្តទៅតាមគោលការណ៍ជំរំឲ្យបានខ្ជាប់ខ្ជួន។

លោកស្រី ឆូវ ផល្លី អគ្គស្នងការរងសមាគមកាយឫទ្ធិនារីកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍បោះជំរំរយៈពេល ៣ថ្ងៃនេះ មានកម្មវិធីដូចជា ការប្រុងពាលី, ពិធីបើក, កម្មវិធីចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំង, លំហាត់ប្រាណ យោហ្កា សមាធិ និងការដឹងគុណ, ការបែងចែកក្រុម ទៅដើរព្រៃទៅដល់វាលទន្សាយ, កម្មវិធី Free Being Me, សកម្មភាពចម្អិននំ ឬបង្អែមប្រចាំខេត្តនីមួយៗ, បទបង្ហាញពីអត្ថន័យភ្លើងគប់, ដំណើរការនៃពិធីដុតភ្លើងគប់ និងដំណើរការពិធី, ចម្រៀងភ្លើងគប់ និងកម្មវិធីដំកង់, ចម្រៀងភ្លើងគប់, ដុតដំឡូងញ៉ាំជុំគ្នា, សម្អាតបរិស្ថាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print