ភ្នំពេញ÷ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោងប្រហែល១២នឹង០០នាទីយប់កណ្តាលអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វេីការល្បាតការពារសន្តិសុខ ដើម្បីបង្ការបង្រ្កាបបទល្មេីស លួច ឆក់ ប្លន់ និងក្មេងទំនើង នៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខ។ លុះរហូតដល់ម៉ោងប្រហែល១នឹង១០នាទីយប់អធ្រាត្រក៏បានជួបក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿង បានធ្វេីការបង្ហោះម៉ូតូ និងជិះប្រដេញគ្នាប្រសេចប្រសាចពេញផ្លូវ នៅចំណុចខាងមុខធនាគារជាតិ ផ្លូវហាណូយសង្កាត់ភ្នំេពញថ្មីខណ្ឌសែនសុខ ហេីយក៏ត្រូវបានកម្លាំងនគរបាលល្បាតដេញឃាត់បានចំនួន១៣នាក់ ជាបន្ត បន្ទាប់ រួមនិងម៉ូតូ ៨គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីសាកសួរនឹងបានធ្វេីតេស្ត រកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផលអវិជ្ជមានទាំងអស់។
កម្លាំងជំនាញនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កំពុងទាក់ទងអាណាព្យាបាលមកទទួលអប់រំធ្វើកិច្ចសន្យាដើម្បីអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា ចំពោះការឃាត់និងទប់ស្កាត់ក្មេងទំនើងខាងលើសមត្ថកិច្ចខណ្ឌសែនសុខ ចូលរួមអនុវត្តវិធាន ការបង្ការទប់ស្កាត់និងបង្ត្រាបក្មេងទំនើងដែលបង្កការអុកឡុកប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ដោយបំពេញភារកិច្ចតាមជំនាញវិជ្ជាជីវៈ និងតាមបទ បញ្ជារបស់ថ្នាក់លើត្រឹមត្រូវ និងសូមបដិសេធចំពោះការផ្សព្វផ្សាយរបស់អាខោនហ្វេសប៊ុកមានឈ្មោះស្អែកស្លាប់ ស្អែកស្លាប់ ដែលបានសរសេរមានខ្លឹមសារបង្ហោះចោទ ប្រកាន់សមត្ថកិច្ចថា ការបង្រ្កាបក្មេងទំនើងខាងលើជាការធ្វើស៊ីទៅលើក្មេងទំនើងទាំងនោះទៅវិញ ដែលជាការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ដោយផ្សាយចោទប្រកាន់គ្មានមូលហេតុនិងគ្មានមូលដ្ឋានច្បាស់លាស់បង្កឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសមត្ថកិច្ចដែលបានលះបង់សព្វ បែបយ៉ាងខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងថ្ងៃទាំង យប់ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
ជាពិសេសការបង្ការទប់ស្កាត់ក្មេងទំនើងខាងលើក៏មានអ្នកសារព័ត៌មានមួយចំនួនធ្វើជាសាក្សីចូលរួមយកព័ត៌មានផ្សព្វផ្សាយនិងបានឃើញច្បាស់ពីសកម្មភាពរបស់ក្រុមក្មេងទំនើងខាងលើដែលបានធ្វើសកម្មភាពបង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច៕










