ខេត្តសៀមរាប៖ នាវេលាព្រឹកព្រលឹមស្រាងៗ នៃថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខួបលើកទី៣០ ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងបរិវេណមុខប្រាសាទអង្គរវត្ត ក្នុងទឹកដីនៃខេត្តសៀមរាប។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត លើកទី៣០ ឆ្នាំ២០២៥ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៦,០០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះមានអត្តពលិកជាតិ ចំនួន ១២,៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៦២នាក់ មកពី ៨៦ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្រ្តាលី អាម៉េរិក និងជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់បងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ដែលធ្វើដំណើរមកប្រទេសកម្ពុជាជាលើកដំបូង ក៏ដូចជាអ្នកដែលបានវិលត្រឡប់មកវិញម្តងទៀត ហើយបានជួបជុំគ្នាសារជាថ្មីនាឱកាសនេះ។ ឯកឧត្តមបានបន្ថែមថា ទោះបីជាយើងទាំងអស់គ្នាមកពីប្រទេសផ្សេងៗគ្នា និយាយភាសាខុសៗគ្នា មានវប្បធម៌ប្លែកៗគ្នា ប៉ុន្តែថ្ងៃនេះយើងនឹងនិយាយភាសាតែមួយគឺ ”ភាសាកីឡា” និង ”ភាសានៃមិត្តភាព” ជាមួយនឹងការទទួលស្វាគមន៍របស់កម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា “ប្រទេសតូច តែមានបេះដូងធំ”។
ក្នុងសុន្ទរកថាបើកកម្មវិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការណ៍ដែលយើងអាចមកជួបជុំគ្នារត់ប្រណាំងនៅមុខប្រាសាទដ៏ស័ក្តិសិទ្ធិបែបនេះបាន មិនមែនជារឿងចៃដន្យនោះទេ វាគឺជាផ្លែផ្កានៃសុខសន្តិភាពពេញលេញ។ កីឡាបាននាំយើងមកជួបគ្នា ប៉ុន្តែសន្តិភាពគឺជាកត្តាដែលអនុញ្ញាតឱ្យយើងអាចជួបគ្នាបាននាពេលនេះ ដូចពាក្យស្លោករបស់យើង ”កីឡារស់ក្នុងសន្តិភាព” ហើយកីឡាក៏នាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាជាតិផងដែរ, ឯកឧត្តមបានបន្ថែម។
លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអរគុណដល់អ្នកចូលរួមទាំងអស់គ្នា ដែលបានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីគាំទ្រដល់សកម្មភាពសប្បុរសធម៌ ជាពិសេសការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះយ៉ាងអធិកអធមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលបានធ្វើឱ្យប្រជាប្រិយភាព នៃព្រឹត្តិការណ៍នេះកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Manulife ដែលបានចូលរួមឧបត្ថម្ភកម្មវិធីនេះតាំងពីឆ្នាំ ២០១៥ រហូតមក និងបានបន្តចូលរួម ៥ ឆ្នាំទៅមុខទៀតរហូតដល់ឆ្នាំ ២០៣០។
មុននឹងបញ្ចប់សុន្ទរកថា និងចាប់ផ្តើមការរត់ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរំពឹងថា អត្តពលិកជាតិ និងអន្តរជាតិ ដែលបានចំណាយពេលវេលា និងថវិកា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏សប្បាយរីករាយនេះ និងត្រឡប់មកបន្តគាំទ្រដល់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត នៅឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត៕

















