ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
ច្រកទ្វារព្រំដែននេះ ដំបូងឡើយជាច្រករបៀង ដែលប្រជាពលរដ្ឋទាំងសងខាង (កម្ពុជា- វៀតណាម) តែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមកនៅកំលុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទៅជាច្រកទ្វារព្រំដែនតំបន់ ហើយដំឡើងទៅជាច្រកទ្វារព្រំដែនអន្តរជាតិនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។
ដោយឡែកនៅខាងច្រកទ្វារព្រំដែនតឹនណាម លើទឹកដីវៀតណាមវិញ ត្រូវបានរដ្ឋាភិបាលវៀតណាម យល់ព្រមជាគោលការណ៍ដំឡើងច្រកទ្វារនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ដើម្បីសម្របសម្រួលការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តតៃនិញ ឱ្យបានល្អប្រសើរ និងដោយសារស្ថានភាពការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលមិនអាចឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា
ផ្លូវការបាននោះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក៏បានប្រគល់ភារកិច្ចឱ្យថ្នាក់ដឹកនាំខេត្តទាំងពីរ (ព្រៃវែង-តៃនិញ) ដំណើរការសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
លោកអភិបាលខេត្ត បានឱ្យដឹងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននេះ បានសាងសង់លើផ្ទៃដីសរុបចំនួន ៨៩.៥៧៧ម៉ែត្រការ៉េ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ រួមមានអគារបំពេញបែបបទចេញ-ចូលចំនួន២ខ្នង អគាររដ្ឋបាលកម្ពស់២ជាន់ ចំនួន ១ខ្នង អគារស្នាក់នៅកម្ពស់ ១ជាន់ ចំនួន ២ខ្នង អាហារដ្ឋានចំនួន ២ខ្នង និងអាងចម្រោះទឹកស្អាតចំនួន ១ខ្នង របងបេតុង ប្រវែងសរុប ៥៩៨ម៉ែត្រ ប្រព័ន្ធបង្ហូរទឹក ប្រវែងសរុប ១.២៤២ម៉ែត្រ បង្គោលអំពូលសូឡាទោល និងអំពូលសូឡាភ្លោះ ចំនួន ៧៦ដើម។
ច្រកទ្វារអន្តរជាតិម៉ឺនជ័យនេះ ចំណាយថវិកាសរុបចំនួន ២៦.៤២៤.៦៧៣.៥០០រៀល ក្នុងនោះថវិកាសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ២២.៨៧៨.៣៧០.៥០០រៀល និងថវិកាដោះស្រាយផលប៉ះពាល់ចំនួន ៣.៥៤៦.៣០៣.០០០រៀល។
ការដំឡើងកម្រិតច្រកទ្វារម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ ជួយជំរុញបន្ថែមនូវទំហំការដោះដូរពាណិជ្ជកម្មកម្រិតតំបន់ (ព្រៃវែង-តៃនិញ) ជាកម្រិតថ្នាក់ជាតិ (កម្ពុជា-វៀតណាម) និងកម្រិតអន្តរជាតិ ជាលំហូរពាណិជ្ជកម្មនៃទំនិញចេញ-ចូល មកពីប្រទេសផ្សេងៗទៀតផងដែរ។
របាយការណ៍បានបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ សរុបចំនួនមនុស្សឆ្លងកាត់ចេញមានចំនួន ៣,១៨៦នាក់ ស្រី ១,៣៧៦នាក់ និងសរុបចំនួនមនុស្សឆ្លងកាត់ចូលមានចំនួន ២,១៥១នាក់ ស្រី ៨៦៧នាក់ ចំណែកឯការដោះដូរពាណិជ្ជកម្មឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលដល់អាជីវករ ពាណិជ្ជករ ការដឹកជញ្ជូនដោះដូរកសិផល និងទំនិញផ្សេងៗរួមមាន៖ ដំឡូងមី អំពៅ ស្វាយ បន្លែ ផ្លែឈើ គ្រឿងចាប់ហួយ គ្រឿងសំណង់ -ល-។
សរុបទំហំពាណិជ្ជកម្មមានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀល គត់) ស្មើនឹងជាង ៣៤៦លានដុល្លារ និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩ ០៩៥ ៨២៤ ០០០រៀល ស្មើនឹងជិត ៥លានដុល្លារ៕










