ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនៅលើផេកផ្លូវការកងទ័ពនិងបណ្តាញសារព័ត៌មានថៃមួយចំនួនថា «កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់»។
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា នេះជាព័ត៌មានមិនពិតឡើយ ខណៈដែលកងទ័ពកម្ពុជាមិនបានតបតទេ ពេលដែលយោធាថៃបើកការវាយប្រហារ២ថ្ងៃមកនេះ។
សូមបញ្ជាក់ថា ៖ តាមបណ្តាញសង្គម លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា «ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក»។
គួររំលឹកថា រយៈពេល២ថ្ងៃមកហើយ យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ដោយម្សិលមិញកងទ័ពថៃ បានវាយប្រហារនៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅព្រឹកមិញនេះ ចាប់តាំងពីវេលាម៉ោងប្រមាណ ០៥:០៤នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅចំណុច៥មករា និងនៅចំការចេក។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ក្រសួងការពារជាតិ បានអះអាងទៀតថា ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវផងដែរ។
កម្ពុជាត្រូវការសន្តិភាព មានជំហរ រឹងមាំ មិនតបត ចំពោះការបាញ់ពីទាហានថៃ ដែលអាចឱ្យក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) បានឃើញច្បាស់។ ដោយឡែកសារព័ត៌មានថៃ ផ្សាយបំប៉ោង គ្មានការពិតទាំងស្រុង ៕











