ភ្នំពេញ÷ ស្របពេលដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរលោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ក្នុងសកម្មភាពរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវក្នុងមូលដ្ឋានណារបស់ខ្លួននោះ នៅឯខណ្ឌទួលគោកនៅតែបន្តត្រជាក់រល្ហឹម ដោយមិនឃើញធ្វើសកម្មភាពរៀបចំសណ្តាប់ធ្នាប់,រំដោះផ្លូវនោះទេ។
គួរកត់សម្គាល់ថា បណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ ចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរអាណាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី នៅ តែព្រងើយកន្តើយធ្វើមិនដឹង,មិនឮ ក្នុងផលប្រយោជន៍ណាមួយ ដែលបានមកអំពីភាពអនាធិបតេយ្យ នៃការ បាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវនេះឬយ៉ាងណា?។
ប្រជាពលរដ្ឋនិយាយថា ប្រសិនបើមិនបានទទួលលាភ សក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ម៉្លេះសាលាខណ្ឌទួលគោក បញ្ចេញកម្លាំងទៅបោសសំអាតរៀបចំសណ្ដាប់ធ្នាប់លើទីតាំងទាំងនោះហើយ។ ជាក់ស្ដែងតាមបណ្ដោយផ្លូវជាប់របងខាងត្បូងមន្ទីរពេទ្យព្រះកុសមៈឬពេទ្យលោកសង្ឃ ក៏ដូចនៅជុំវិញមន្ទីរពេទ្យកុមារជាតិ គេមិនឃើញអាជ្ញាធរខណ្ឌទួលគោកចុះទៅរៀបចំសណ្តាប់ ធ្នាប់នោះឡើយ បើទោះបីជាអ្នកលក់ដូរបានដាក់តាំងទំនិញស្ទើរដល់ពាក់កណ្ដាលទ្រូងផ្លូវហើយក៏ដោយ។ ករណីនេះប្រជាពលរដ្ឋបាននិយាយច្រើនលើកច្រើនសារមកហើយ។
ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋទូទៅមានមន្ទិលសង្ស័យថា ទំនងជាបានសើមមាត់ ចំពោះភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់នៅលើដងផ្លូវនោះហើយ។ ជាមួយគ្នានោះក៏មានលេចលឺ,មាត់ចាប មាត់ព្រាប ខ្សឹបខ្សៀវថា បើមិនបង់លុយឲ្យទេ ពិតជាមិនអាចលក់ដូរអាណាធិបតេយ្យ ហៀរហូរលើចិញ្ចើមផ្លូវដោយសេរីយ៉ាងនេះបានឡើយ។ គេខ្សិបទៀតថា គឺមានលោកអភិបាលរងខណ្ឌម្នាក់ ជាអ្នកទទួលខុសត្រូវក្នុងរឿងភាពអនាធិបតេយ្យនេះ។
ក្រុមអ្នកលក់ដូរអាណាធិបតេយ្យទាំងនោះ ត្រូវបានបង្អើលកាលពីប៉ុន្មានថ្ងៃមុន ទំនងជាមានការខ្សិបខ្សៀវពីអាជ្ញាធរដែលនឹងរៀបចំដេញ? ប៉ុន្តែមិនដឹង ជាហេតុអ្វីបានជាឃើញគេរៀបចំការលក់ដូរ ឲ្យមានភាពប្រសើរឡើងវិញ ដូចជាការដាក់តាំងភ្លើង? និងទំនងជារៀបចំបន្ទប់ទឹកឲ្យអតិថិជនដែលទៅស៊ីផឹកនៅកន្លែងអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យនោះទៀតផង។
ប្រជាពលរដ្ឋស្ទើរតែទាំងអស់ ដែលមើលឃើញទិដ្ឋភាពនៃភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់និយាយថា អាជ្ញាធរខណ្ឌទួលគោកមើលងាយទឹកចិត្តប្រជាពលរដ្ឋខ្លាំងណាស់៕










