ភ្នំពេញ៖ ប្រេងកូឡាចំនួន១១០០០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងប្រជាពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃវាយប្រហារឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជាធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀលនាថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅសាលារាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភ ប្រេងកូឡាចំនួន១១០០០ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក ខណៈដែលទាហានថៃកំពុងឈ្លានពានដែនអធិបតេយ្យប្រទេសកម្ពុជា រហូតមានការផ្ទុះសង្គ្រាមជាថ្មី។
លោកបន្តថា៖ តាមរយៈអំណោយដ៏ថ្លៃថ្លាខាងលើនេះពិតជា បានបង្ហាញឱ្យឃើញ អំពីទឹកចិត្ត និងការគិតគូរយ៉ាងខ្លាំងចំពោះវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងប្រជាពលរដ្ឋជាជនភៀសសឹក នៅពេលដែលទាហានថៃកំពុងឈ្លានពានដែនអធិបតេយ្យប្រទេសកម្ពុជា បណ្តាលឱ្យមានការផ្ទុះសង្គ្រាមជាថ្មី ៕. ដោយ សំរិត










