ភ្នំពេញ៖ ក្នុងស្មារតីនិងទឹកចិត្ដ គាំទ្រជួយដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ មានសប្បុរសជន មន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច និងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញ យ៉ាងច្រើន នៅតែបន្តសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខរហូតមកដល់ពេលនេះ បានថវិកា២៦២ ៣៣៣ ៣១២ រៀលនិង៦៣៦៥៨ដុល្លារ យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងពលរដ្ឋជាជនភៀសសឹក ខណៈក្រុមទាហានថៃ កំពុងបន្តវាយប្រហារឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែនធ្វើឱ្យមានការផ្ទុះសង្គ្រាមរយៈពេល៦ថ្ងៃហើយបើគិតមក ដល់ ពេលនេះ ។
ពិធីប្រគល់និងទទួលអំណោយពីសប្បុរសជននេះ ធ្វើឡើងចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០ ២៥ ដោយមានថ្នាក់ដឹកនាំ ជាអភិបាលរងរាជធានីភ្នំពេញ ៣ រូប ចាំទទួលផងដែរ ។
អំណោយដែលនាំមកប្រគល់ជូននេះ ជាអំណោយសប្បុ រសជន ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងនិងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញ ជាង២០រូបនិងស្ថាប័នក្នុងនោះមានដូចជា៖ អនុប្រធាននាយកដ្ឋានកងអង្គរក្ស,គណកម្មការគ្រប់គ្រងផ្សារអូឬស្សី,គណកម្មការគ្រប់គ្រងផ្សារបឹងកេងកង , គណៈកម្មការគ្រប់គ្រងផ្សារកណ្តាល, គណៈកម្មការគ្រប់គ្រងផ្សារចាស់, គណៈកម្មការអភិបាលរដ្ឋករគ្រប់គ្រងផ្សារធំថ្មី , គណៈកម្មការគណៈគ្រប់គ្រងផ្សារដើមគរនៃរដ្ឋបាលរាជធានីភ្នំពេញ,សម្ព័ន្ធធុរៈកិច្ចកម្ពុជាអន្តរជាតិ,មន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ,, សាខាពន្ធដាខណ្ឌចំការមន, លោកជំទាវ ជាភរិយាលោក កើត ឆែ អភិបាលរងខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
អំណោយទាំងនេះរួមមាន៖ថវិកា មី ទឹកបរិសុទ្ធ អង្ករ ខ្សែចង មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ធ្នូ ឆ្នាំ២០២៥ថា៖ បើគិតចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ រហូតដល់ថ្ងៃទី១១ ខែធ្នូ ២០២៥នេះ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួលថវិកាសរុប២៦២.៣៣៣.៣១២ រៀលនិង៦៣.៦៥៨ ដុល្លារអាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។
លោក ហួត ហៃ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ទាំងអាជីវករទាំងមន្ត្រីរាជការគណៈកម្មការគ្រប់គ្រងគ្រប់ផ្សារមួយចំនួននៃរដ្ឋបាលរាជធានី បានផ្តល់អំណោយទៅសមរ ភូមិមុខតាមរយៈរដ្ឋបាលរាជធានីភ្នំពេញក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ។ រដ្ឋបាលរាជធានីភ្នំពេញសូមធានាថា នឹងនាំយកអំណោយទាំងអស់របស់បងប្អូនទៅចែកជូនដល់ដៃវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ដល់ដៃផងដែរ។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕ ដោយ សំរិត










