កំណើននៃពាណិជ្ជកម្មអន្តរជាតិ បំពេញ បន្ថែម ភាព ប្រាកដ ប្រជា សម្រាប់ សេដ្ឋកិច្ច សកល

ចែករំលែក៖

អន្តរជាតិ ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គ រដ្ឋបាលគយចិននៅថ្ងៃទី៨ ខែធ្នូឱ្យដឹងថា ពាណិជ្ជកម្ម នាំចេញ -នាំ ចូល ទំនិញ របស់ ប្រទេសចិន បានរក្សាកំណើន១០ ខែជាប់ ៗ គ្នា ហើយការ ប្រតិបត្តិ ខាង ពាណិ ជ្ជកម្ម អន្តរជាតិ បាន បន្តរក្សានិន្នាការកើនឡើងជាលំដាប់ ។

ក្នុងរយៈពេល១១ ខែ ដើម ឆ្នាំ នេះ ទំហំ នាំចេញ -នាំ ចូលរវាង ប្រទេសចិន ជា មួយ ប្រទេស ដែល រួម គ្នា កសាង «ខ្សែក្រវាត់ និងផ្លូវ»មានចំនួន២១.៣៣ ទ្រី លានយាន់ប្រាក់ ចិន កើន ឡើង ៦% ដែលស្មើនឹង៥១.៨% នៃទំហំ ពាណិជ្ជកម្មអន្តរជាតិ សរុបរបស់ប្រទេសចិន ។ ក្នុងនោះ ទំហំ នាំ ចេញ -នាំ ចូល ជា មួយ អាស៊ានមានចំនួន៦.៨២ ទ្រី លានយាន់ប្រាក់ ចិន កើនឡើង៨.៥ % អា ស៊ានបន្ត រក្សា ឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន ។ ចំណែកទំហំ នាំចេញ- នាំ ចូល ជា មួយ សហភាពអឺរ៉ុបមានចំនួន៥.៣៧ ទ្រី លានយាន់ប្រាក់ ចិន កើនឡើង៥.៤% សហ ភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រទេសចិន ។
ប្រឈមមុខនឹងការសាកល្បងផ្ទួនៗពីការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកនិងជម្លោះពាណិជ្ជកម្មអន្តរជាតិ ហេតុអ្វីបានជាទំហំពាណិជ្ជកម្មអន្តរជាតិរបស់ចិននៅតែមានភាពធន់ និងរក្សាបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់បែបនេះ ? ជាបឋមយើងមកស្វែងយល់ពីផ្នែកនាំចេញរបស់ចិន ។
ការធ្វើឱ្យប្រសើរឡើងនូវរចនាសម័្ពន្ធនាំចេញបានធ្វើឱ្យខ្សែច្រវាក់ឧស្សាហកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនមានភាពពេញលេញ ក្នុងនោះ បរិមាណនៃផលិតផលឧស្សាហកម្មជាង២០០ ប្រភេទស្ថិតនៅលំដាប់ទី១ លើពិភពលោក ដូចជាផលិតផលរថយន្តអគ្គិសនី , អាគុយ , មនុស្សយន្តឧស្សាហកម្មជាដើមដែលជាឧស្សាហកម្មងើបថ្មីបានក្លាយជាវិស័យមានប្រៀបក្នុងការនាំចេញ ។ ចំណែកការច្នៃប្រឌិតថ្មីនូវរូបមន្តពាណិជ្ជកម្ម និងការធ្វើឌីជីថលភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម ដូចជាធុរកិច្ចឆ្លងដែនជាដើមបានក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើននាំចេញរបស់ចិន ។
ដោយឡែក ផ្អែកលើគោលនយោបាយគាំពារពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ប្រទេសចិនបានចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មជាច្រើន ដូចជាការជំរុញយ៉ាងសកម្មនូវនីតិវិធីសម្រាប់ការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) , ការចូលរួមកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ល។
ក្នុងនោះ ការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យដល់កំណែ3.0 បានក្លាយជាសមិទ្ធផលជានិមិត្តសញ្ញាមួយសម្រាប់ការគាំពារនិងធ្វើឱ្យស៊ីជម្រៅនូវពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ាន ។ ផ្អែកលើកិច្ចព្រមព្រៀងកំណែ3.0 ដែលទើបចុះហត្ថលេខាក្នុងឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងចិននិងអាស៊ានបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន ទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ នេះជាកត្តាចម្បងមួយដែលជំរុញឱ្យអាស៊ានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ។
ងាកមកស្វែងយល់ពីផ្នែកនាំចូលវិញ ផ្អែកលើគោលនយោបាយបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ រដ្ឋាភិបាលចិនបានធ្វើឱ្យមានបទដ្ឋាន និយ័តកម្ម និងភាពងាយស្រួលសម្រាប់ការបើកច្រកចូលទីផ្សារនិងការនាំចូល ព្រមទាំងជំរុញភាពសម្បូរបែបនិងចម្រុះនៃការនាំចូល ពិសេសការនាំចូលពីទីផ្សារងើបថ្មី ឧទាហរណ៍ដូចជាប្រទេសអាស៊ីកណ្តាលនិងតំបន់អាហ្វ្រិកជាដើម ។ ក្នុងនោះ ការអនុវត្តគោលនយោបាយ«ពន្ធគយសូន្យភាគរយ»ចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន បានធ្វើឱ្យមធ្យោបាយនាំចូលរបស់ចិនកាន់តែសម្បូរបែប និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ។
ការបង្កើតតំបន់សាកល្បងពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីបានក្លាយជាការទ្រទ្រង់ជាយុទ្ធសាស្ត្រសម្រាប់ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចបែបបើកទូលាយរបស់ចិន ដែលរួមចំណែកសម្រាប់ឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងផ្តល់ភាពអនុគ្រោះច្រើនសម្រាប់ដៃគូពាណិជ្ជកម្មក្នុងការនាំចូលទៅកាន់ប្រទេសចិន ។ ជាពិសេស កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសសម្រាប់កោះទាំងមូលចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ ដែលមានន័យថា ដៃគូពាណិជ្ជកម្មនានាដែលនាំចូលប្រទេសចិនតាមកំពង់ផែពាណិ ជ្ជក ម្មសេរីនេះនឹងទទួលបានការអនុគ្រោះពន្ធគយកាន់តែច្រើន ។
លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ ប្រទេសចិននឹងពង្រឹងជំនឿចិត្ត និងប្រកាន់ខ្ជាប់នូវការធ្វើការងាររបស់ខ្លួនឱ្យបានល្អ និងជំរុញការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់ ។ គោលដៅជាយុទ្ធសាស្ត្រនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន គឺដើម្បីធ្វើឱ្យវាក្លាយជាច្រកទ្វារដ៏សំខាន់មួយសម្រាប់ជំរុញការបើកទូលាយរបស់ចិនក្នុងយុគសម័យថ្មី ។
បើតាមទិន្នន័យថ្មីបំផុតរបស់អគ្គរដ្ឋបាលគយចិនឱ្យដឹងថា ក្នុងរយៈពេល១១ ខែដើមឆ្នាំនេះ ទំហំនាំចូលតាមតំបន់សាកល្បងពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីហៃណានមានចំនួន៨,០៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន មានសមាមាត្រស្មើនឹង១៩.

...

៦% នៃបរិមាណនាំចូលសរុបរបស់ចិន ដែលកើនឡើង០.៣% ។
នៅក្នុង«ផែនការ៥ ឆ្នាំទី១៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិចិន»បានគូសរំលេចពីការជំរុញថែមទៀតនូវការបើកទូលាយចំពោះបរទេស ។ ខណៈប្រឈមមុខនឹងស្ថានការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលកាន់តែស្មុគស្មាញ ការងើបឡើងនៃគាំពារនិយម និងឯកតោភាគីនិយម ក៏ដូចជាលទ្ធភាពនៃការឡើងកម្តៅនៃជម្លោះពាណិជ្ជកម្ម មានតែកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ទើបអាចទទួលបានផលឈ្នះ-ឈ្នះ ហើយបុរេលក្ខខណ្ឌសម្រាប់ការទទួលបានលទ្ធផលឈ្នះ-ឈ្នះគឺការបើកទូលាយទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពហុភាគីនិយម ។
តាមរយៈគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» ទ្វារបើកទូលាយរបស់ចិនបានបើកចំហធំឡើងៗ តំបន់ដីគោកបានប្រែពី«នៅពីខាងក្រោយ»ក្លាយទៅជា«ឈរនៅជួរមុខ»នៃពាណិជ្ជកម្មអន្តរជាតិ ចំណែកតំបន់ជាប់សមុទ្របានតភ្ជាប់កាន់តែស្អិតល្មួតជាមួយនឹងទីផ្សារពិភពលោក ។ ភាពធន់និងសន្ទុះ នៃសេដ្ឋកិច្ចចិនប្រាកដជានឹងបន្តបំពេញបន្ថែមភាពប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោកជាមិនខាន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print