ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា គិតចាប់ពី ម៉ោង១រសៀល រហូតដល់ ម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់មក លើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដូចខាងក្រោម៖
១-ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ដូច្នេះ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១១នាក់ និងរបួសចំនួន៥៩នាក់។
២-ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប មានជនភៀសសឹកសរុប ចំនួន៩៨.៥៩៨គ្រួសារ (កើន៨.៩១១គ្រួសារ)ស្មើ នឹងមនុស្ស ចំនួន៣៣១.១៥៨នាក់ (កើន២៧.៩៤៥នាក់) ក្នុងនោះមានស្ត្រីចំនួន១៧៨.៧៣៣នាក់ និងកុមារ ចំនួន៨៤.០៩៤នាក់។ ករណីនេះ ពុំបានរាប់បញ្ចូលប្រជាពលរដ្ឋស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាង១០០នាក់ ដែលបានភៀសខ្លួន ដោយភ័យខ្លាចការបង្ហោះដ្រូនរបស់ភាគីថៃ។
៣-ករណ៏បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ តាមការវាយតម្លៃជាបឋម មានផ្ទះសំបែង និង សម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ខណៈសេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្រ្តការពារ ជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ហាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្តេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕ដោយ៖សិលា










