ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។ ខេត្តពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០% ចំណែកខេត្តកំពង់ឆ្នាំង បន្ទាយ មានជ័យ សៀមរាប បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ប៉ៃលិន ស្ទឹងត្រែង ជួរភ្នំ ដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រវិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕
ដោយ៖តារា










