ភ្នំពេញ៖ អាជ្ញាធរមីន បានចាត់ទុកប្រទេសកាណាដា ជាដៃគូយូអង្វែងរួមគ្នាដោះស្រាយដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
លោកលី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។
លោក លី ធុជ បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្ម ភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន។ ក្នុងនោះផងដែរ ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសកាណាដា គឹជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។
លោក លី ធុជ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធ ផលសម្រេចបានក្នុងកិច្ចការបោសសម្អាតមីនអស់រយៈពេលជាង៣០ឆ្នាំមកនេះ ក្នុងនោះផ្ទៃដីជាង៣០០០ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់យកមកប្រើប្រាស់។ សមិទ្ធផលទាំងនេះបានប្រែក្លាយដីចម្ការមីន ទៅជាដីចម្ការដាំដុះរួមចំណែក ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
លោក លី ធុជ បានគូសបញ្ចាក់ទៀតថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង ប៉ុន្តែបញ្ហាប្រឈមដោយសារមីននៅតែបន្ត ព្រមទាំងមានភាពស្មុគស្មាញ និងហានិភ័យខ្លាំង ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យប្រទេសកាណាដា ពិចារណាបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០៣០ ស្របតាមសំណើសុំពន្យាពេលលើកទីបីនៃការបោស សម្អាតមីន ២០២៦-២០៣០ ដែលអង្គប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា ទើបបានអនុម័តថ្មីៗនេះ ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់របស់កម្ពុជា។
លោក Christian DesRoches បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ឆ្លើយតបនឹងសំណើសុំ លោក Christian DesRoches ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងធ្វើជាអ្នកសម្រប សម្រួលជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលបានដាក់សំណើសុំឱ្យប្រទេសកាណាដា បន្តគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន ៕ ដោយ សំរិត










