អាមេរិកបិទទាំងស្រុង កប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្ម ចេញ-ចូលវ៉េណេស៊ុយអេឡា

ចែករំលែក៖

សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ប្រកាសពីការបិទខ្ទប់មិនឱ្យកប៉ាល់ដឹកប្រេងដែលជាប់ទណ្ឌកម្មធ្វើដំណើរចេញចូលប្រទេសវ៉េណេស៊ុយអេឡា ដែលនេះជាចំណាត់ការមួយដើម្បីបង្កើនការដាក់សម្ពាធប្រឆាំងទីក្រុងការ៉ាកាស។

សហរដ្ឋអាមេរិក បាន និងកំពុងបង្កើនវត្តមានយោធាក្នុងតំបន់ Caribbean ជាច្រើនខែមកនេះក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនក្នុងតំបន់អាមេរិកឡាទីន ប៉ុន្តែបានផ្តោតជាពិសេស លើវ៉េណេស៊ុយអេឡា។ ទីក្រុងការ៉ាកាសបានចាត់ទុកថាយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកមានគោលបំណងទម្លាក់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ចេញពីតំណែង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ចាត់ទុករូបលោកជាមេដឹកនាំខុសច្បាប់។
ក្រោយការវាយប្រហាររបស់យោធាអាមេរិកនៅក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិកចាប់តាំងពីដើមខែកញ្ញាមកទល់នឹងពេលនេះបានសម្លាប់មនុស្សយ៉ាងហោច ៩០នាក់ រដ្ឋបាលលោក ត្រាំថ្មីៗនេះ បានបង្កើនការដាក់សម្ពាធបន្ថែម ដោយរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់វ៉េណេស៊ុយអេឡា ហើយបានដាក់ទណ្ឌកម្មលើកប៉ាល់ដឹកប្រេងជាច្រើនគ្រឿងផ្សេងទៀត។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ លោក ត្រាំ បានចេញបញ្ជាបិទខ្ទប់ទាំងស្រុងមិនឱ្យកប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្មចេញចូលប្រទេសវ៉េណេស៊ុយអេឡា ហើយថាការបង្កើនវត្តមាននាវាចម្បាំងអាមេរិក ក្នុងនោះរួមមាននាវាផ្ទុកយន្ដហោះចម្បាំងធំជាងគេបំផុតរបស់ពិភពលោកក្នុងតំបន់ Caribbean នឹងមានតែកើនឡើងរហូតទាល់តែវ៉េណេស៊ុយអេឡាប្រគល់ មកឱ្យសហរដ្ឋអាមេរិកវិញនូវប្រេង ទឹកដី និងទ្រព្យសម្បត្តិជាច្រើនទៀតដែលពួកគេបានលួចពីពួកយើង។
លោក ត្រាំ មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាប្រេង ឬទឹកដីដែលលោកចង់សំដៅនោះទេ? ប៉ុន្តែ វ៉េណេស៊ុយអេឡាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ បានធ្វើជាតិតូបនីយកម្មឧស្សាហកម្មប្រេងរបស់ខ្លួន។ នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Hugo Chavez ក្រុមហ៊ុនឯកជនជាច្រើនត្រូវបានបង្ខំឱ្យបោះបង់ចោលភាគហ៊ុនធំរបស់ខ្លួនទៅឱ្យក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA ជាអ្នកគ្រប់គ្រង៕

...

រូបថត​: viettimes

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print