ភ្នំពេញ ៖ អំណោយជាភេសជ្ជៈ ប៉ូការីស្វេត
ចំនួន ៥០០កេស របស់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន នាំយកមកប្រគល់ជូនដល់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ពិសេសចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនដែលកំពុងមានការកើនឡើងរហូតដល់ជាង ៤៣មុឺននាក់ ។
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ដែលបានផ្តល់ជំនួយជាភេសជ្ជៈប៉ូការីស្វេត ៥០០កេស មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំក្រុមហ៊ុន លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។
ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រី សូមជូនពរដល់ ក្រុមហ៊ុនហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ព្រមទាំង ថ្នាក់ដឹកនាំ សហការី សូមប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំតំណាងក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក
បានគូសបញ្ជាក់ថា ក្នុងបុព្វេហេតុមនុស្សធម៌ និងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក ក្រុមហ៊ុនភេសជ្ជៈ ប៉ូការីស្វេត ចូលរួមឧបត្តម្ភចំនួន ៥០០កេស ដល់ក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលជនភៀសសឹកនៅក្នុងតំបន់សុវត្ថិភាព និងវីរកងទ័ពដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន










