ភ្នំពេញ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ CTB, ឯកឧត្តមអគ្គនាយកជំនាញ និង លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ សរុបប្រមាណ ២០ រូប។
សូមបញ្ជាក់ជូនថា យោងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ២០៧០ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦)នាពេលខាងមុខ។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ៕











