ភ្នំពេញ៖ លោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ចក្រភពអង់គ្លេស បានបង្ហាញក្ដីបារម្ភរបស់ចក្រអង់គ្លេសចំពោះជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ដោយលោកស្រីចង់ឱ្យមានការបញ្ចប់ជម្លោះ ដែលកំពុងកើតមានពេលនេះឱ្យបានឆាប់ ហើយងាកមករកដំណោះស្រាយដោយសន្តិវិធី។
ក្ដីបារម្ភរបស់ចក្រភពអង់គ្លេសបែបនេះ ធ្វើឡើងតាមរយៈជំនួបសន្ទនាតាមទូរសព្ទរវាងលោកស្រី Seema Malhotra ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ។ លោក ប្រាក់ សុខុន លើកឡើងពីស្ថានភាពកាន់តែអាក្រក់ទៅៗ ប្រាប់លោកស្រី Seema Malhotra ដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាជិតកន្លះលាននាក់ ត្រូវបានភៀសសឹកដោយសារការវាយប្រហាររបស់ថៃមកលើកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា លោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ របស់ចក្រភពអង់គ្លេស បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ជាមួយនឹងការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសចំពោះគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយលោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការប្រយុទ្ធគ្នា។
លោកស្រី Seema Malhotra បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះដំណោះស្រាយដោយសន្តិវិធី តាមរយៈការទូត និងបំណងរបស់ចក្រភពអង់គ្លេស ក្នុងការដើរតួនាទីក្នុងការធ្វើឱ្យមានស្ថិរភាព ដោយរួមសហការជាមួយអាស៊ាន និងដៃគូនានា។
តាមរយៈកិច្ចសន្ទានតាមទូរសព្ទនេះ លោក ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយលោកបានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់កម្ពុជាចំពោះការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងទាំងនេះ៕ដោយ៖តារា










