ខេត្តបន្ទាយមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយ សារសង្គ្រាមឈ្លានពានរបស់ភាគីថៃលើអធិបតេយ្យកម្ពុជានៅតាមព្រំដែន លោក ងិន ឆាយ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ដ្រីជំនាញ កសិកម្ម និងបានជំរុញការដាំដុះបន្លែបង្ការនៅតាមមណ្ឌលសុវត្ថិភាព ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹកទាំងអស់ នៅខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ ខណៈស្ថានភាពជម្លោះនៅតាមព្រំដែនបានអូសបន្លាយ បងប្អូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារមកពីបណ្តាស្រុក នៅតាមព្រំដែនជាប់ប្រទេសថៃត្រូវបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព។
លោក ងិន ឆាយ រួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុក ព្រះនេត្រព្រះ និងបងប្អូនពលរដ្ឋភៀសសឹក បានរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំដី បង្កបង្កើនផលដាំដំ ណាំបន្លែរួមផ្សំផ្សេងៗ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារស្រស់ៗ និងមានសុវត្ថិភាពនៅក្នុងមណ្ឌល។
លោកបន្ដថា៖ ក្នុងគ្រាដ៏លំបាក យើងមិនត្រូវបណ្តោយ ឱ្យកម្លាំងផលិតរបស់យើងនៅទំនេរនោះទេការដាំដុះបន្លែបង្ការនៅជុំវិញមណ្ឌលសុវត្ថិភាព មិនត្រឹមតែជួយដោះ ស្រាយបញ្ហាស្បៀងអាហារមួយផ្នែកធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកទឹកចិត្ត និងកាត់បន្ថយភាពតានតឹងផ្លូវចិត្តរបស់បងប្អូនតាមរយៈការងាកមកប្រកបរបរកសិកម្មវិញផងដែរ។ ក្រសួងកសិកម្ម ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល នឹងនៅតែបន្តផ្តល់បច្ចេកទេស ក៏ដូចជាគ្រាប់ពូជចាំបាច់នានា ដើម្បីធ្វើយ៉ាងណាឱ្យចលនាដាំដុះនេះក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការជួយបងប្អូនភៀសសឹកឱ្យមានលទ្ធភាពស្វែងរកអាហារបំប៉នសុខភាពដោយខ្លួនឯង ស្របតាមគោលនយោ បាយគាំពារប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល។
បងប្អូនពលរដ្ឋភៀសសឹកដែលកំពុងរស់នៅតាមមណ្ឌលសុវត្ថិភាព បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។ ការនាំយកបច្ចេក ទេស និងការជំរុញឱ្យមានការដាំដុះនេះ បានធ្វើឱ្យពួកគាត់មានសង្ឃឹម និងមានការងារធ្វើដើម្បីបំភ្លេចភាពភ័យខ្លាចពីសង្គ្រាម។ សកម្មភាពនេះឆ្លុះបញ្ចាំងឱ្យឃើញពីការសហការគ្នាយ៉ាងស្អិតរមួតរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងគោលដៅរួមគ្នាជម្នះរាល់ឧបសគ្គ ដែលបង្កឡើងដោយសង្គ្រាម និងការពារផលប្រយោជន៍របស់ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ៕ ដោយ សំរិត










