ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងនៅព្រឹកថ្ងៃចន្ទទី២២ ខែធ្នូ ឆ្នាំ២០២៥នេះថា អស់រយៈពេល ១៦ ថ្ងៃជាប់ៗគ្នា យោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់ មកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។ រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ។
លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ការឈ្លានពានរបស់យោធាថៃបានមិនវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោថាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។
គិតត្រឹមរហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយសារតែការវាយប្រហាររបស់ទាហានឈ្លានពានថៃ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ របួស ៧៩ នាក់ និងមានជនភៀសខ្លួនជាង ៥១៨ ៦៥១ នាក់៕












