ភ្នំពេញ , អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ខៀវ កាញារីទ្ធ បានបង្ហោះថា, ថ្ងៃនេះចង់សរុបរឿងនៅស្រុកចោរបន្តិចព្រោះឃើញមានចរន្តបញ្រ្ចាសគ្នារៀងច្បាស់បន្តិច នាមុនពេលកិច្ចប្រជុំស្អែកនេះ។ ក្នុងខណៈពេលដែលពួកយោធាកំពុងមានមោទនភាពយ៉ាងខ្លាំងដែលខ្លួនបានអួតអាងថាកាន់កាប់សមរភូមិជាច្រើនប្រកបដោយជោគជ័យ មកដល់រហូតមកដល់ការប្រើប្រាស់យន្តហោះប្រយុទ្ធលឿនជាងសម្លេងម៉ាកថ្មី (TL-50TH) យ៉ាងមានប្រសិទ្ធភាពផលិតដោយកូរ៉េខាងត្បូង ក៏មានសំណួរជាច្រើនកំពុងបាញ់មករកក្រុមអ្នកបង្កជម្លោះ។ ស្ទើរតែគ្រប់គ្នាបានអំពាវនាវឲ្យផ្អាកការបាញ់ជាបន្ទាន់ ហើយងាកមកតុចរចាដោយភាគច្រើនគឺដាក់សម្ពាធទៅខាងសៀម តែខាងយោធាសៀមនៅតែមានជំនាញដោះសារដោយឥតអៀនខ្មាស់ថាប្រតិបត្តិការយោធារបស់ខ្លួននេះគឺមិនមែនតែជាមួយកងទ័ពកម្ពុជាដែលឈ្លានពានប៉ុណ្ណោះទេ តែប្រយុទ្ធជាមួយកងទ័ពឧក្រិដ្ឋកម្មអនឡាញ (Scam Army) ដែលជាភ័យគំរាមកំហែងរបស់ពិភពលោក ហើយកងទ័ពថៃគឺជាអ្នកនៅសមរភូមិប្រឆាំងនឹងពួកនេះដោយផ្ទាល់។ អ្នកកាសែតជើងចាស់សៀមម្នាក់បាននិយាយថាយោធាសៀមប្រើពាក្យប្រតិបត្តិការយោធាប្រៀបបានដូចជាកាលរុស្សីឈ្លានពានអ៊ុយក្រែនដោយប្រើពាក្យនេះដូចគ្នា ហើយអុីស្រាឯលបានវ៉ៃចូលប៉ាឡេស្ទីនក៏ លើកហេតុផលថាវ៉ៃពួកហាម៉ាសដែលជាក្រុមបង្កភេរវកម្មពិភពលោកដូច្នោះដែរ។ ការទៅទម្លាក់គ្រាប់បែកនៅតាមស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ទាំងដែលកម្ពុជាមិនតបតនេះ គឺបញ្ចាក់យ៉ាងច្បាស់អំពីមុខមាត់របស់ថៃលើឆាកអន្តរជាតិ។
លោកសាស្រ្តាចារ្យល្បីឈ្មោះមួយពីសាកលវិទ្យាល័យធម្មសាស្រ្តក៏បានចោទសួរផងដែរ តើប្រទេសថៃអាងលើហេតុផលអ្វីខ្លះ ទៅសំអាងថាកម្ពុជាគំរាមកំហែង និងរំលោភដែនអធិបតេយ្យភាព? លោកសម្តែងការហួសចិត្តជាមួយយោធាដែលប្រើប្រាស់យន្តហោះខ្នាតសង្រ្គាមធំទៅទម្លាក់គ្រាប់បែកនានាជាពិសេសលើប្រាសាទបុរាណ ដែលហេតុផលពិតប្រាកដគឺមិនមែនរឿងវិវាទព្រំដែនសោះនោះ? ប្រទេសថៃធ្វើបែបនេះគិតថាខ្លួនឯងជាតម្រួតពិភពលោក អាចវាយតម្លៃថាប្រទេសនេះ ប្រទេសនោះ អាចជាភ័យគំរាមកំហែង និងបង្កគ្រោះថ្នាក់ ហើយចាំបាច់ត្រូវកំចាត់ចោលឬ?
ដោយឡែកមន្រ្តីល្បីឈ្មោះពីគណបក្សប្រជាជនបក្សប្រឆាំងធំជាងគេនោះបានចោទសួរផងដែរថាថៃពិតជាចង់កំទេចក្រុម scammer មែនទេ ឬមួយគ្រាន់តែចង់បំបាក់ត្រកូលហ៊ុនពីកម្ពុជាដោយអាងលេសដូចអាម៉េរិកវ៉ៃអុីរ៉ាក់លើកហេតុផលថា War On Terror។ បើជាប្រតិបត្តការយោធាមែន តើចប់នៅត្រឹមណា ត្រឹមភ្នំដងរ៉ែក ឬមួយដល់ភ្នំពេញ ?
Mao Vutha














