Napoli បានលើកពានអ៊ីតាលី Super Cup ជាមួយនឹងជ័យជម្នះ 2-0 លើក្រុម Bologna ក្នុងទីក្រុង Riyadh កាលពីថ្ងៃច័ន្ទដោយ កីឡាករ David Neres រកគ្រាប់បាល់ទាំងពីរគ្រាប់។
គ្រាប់បាល់ទាំងពីរគ្រាប់របស់Neres កើតឡើងជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលពីចម្ងាយ 6 នាទីមុនពេលសម្រាកតង់ទីមួយ ហើយបំប៉ោងសំណាញ់ម្តងទៀតនៅនាទីទី 57 ក្នុងតង់ទីពីរ។
ខ្សែប្រយុទ្ធ Matteo Politano របស់ Napoli បានប្រាប់សារព័ត៌មាន Mediaset ថា “យើងមកទីនេះក្នុងនាមជាជើងឯកនៃប្រទេសអ៊ីតាលី យើងចង់បានពានរង្វាន់នេះ ហើយយើងបានបង្ហាញវាជាមួយនឹងការលេងដ៏អស្ចារ្យ។ យើងអាចរកគ្រាប់បាល់បានប៉ុន្មានគ្រាប់ទៀត ប៉ុន្តែយើងសប្បាយចិត្តនឹងការទទួលជ័យជម្នះ”។
Politano បានបន្ថែមថា “Conte គឺជាអ្នកដឹកនាំរបស់យើង ហើយយើងដើរតាមគាត់រហូតដល់ស្លាប់”។
Napoli ដែលបានផ្តួលក្រុមម្ចាស់ជើងឯក AC Milan 2-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍បានឈ្នះពានរង្វាន់ Super Cup ជាលើកទី 3 របស់ពួកគេនិងជាលើកដំបូងចាប់តាំងពីឆ្នាំ 2014 ខណៈដែល Bologna ដែលបានយកឈ្នះក្រុម Inter Milan 3-2 ដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីការស្មើ 1-1 កាលពីថ្ងៃសុក្របានបរាជ័យក្នុងការប៉ងឈ្នះពានរង្វាន់នេះជាលើកដំបូង។
នេះជាការប្រកួតលើកទីបីនៃពានរង្វាន់ Italian Super Cup ក្រោមទម្រង់ថ្មីដែលមានក្រុមចូលរួមចំនួនបួន ប៉ុន្តែប្រធាន Serie A លោក Ezio Simonelli បានបង្ហើបថាវាអាចជាការប្រកួតចុងក្រោយ៕










