ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួង ទីស្តីការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ ដែលដឹកនាំដោយ លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ, លោកស្រី JIANG JINLU អនុប្រធានសមាគមអ្នកនិពន្ធចិន, លោក THONBAY PHOTHISANE ប្រធានសមាគមអ្នកនិពន្ធឡាវ និងលោក OHN MAUNG ប្រធានសមាគមអ្នកនិពន្ធមីយ៉ាន់ម៉ា ព្រមទាំងអមដោយ សមាជិក សមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា ចំនួន ២៥នាក់ ដើម្បីគោរពស្នើសុំអនុសាសន៍ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍កម្ពុជា និងសិក្សាឈ្វេងយល់កាន់តែស៊ីជម្រៅ និងសហការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែផុលផុសបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំពីស្ថានភាពទូទៅនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បើទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជាក៏ដោយ ជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាគោលដៅទេសចរណ៍កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ជាក់ស្តែងដូចជាខេត្តសៀមរាប និងបណ្តាលខេត្តផ្សេងៗទៀត ដែលមិនជាប់ព្រំដែនជាមួយប្រទេសថៃ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែអាចធ្វើដំណើរកម្សាន្តបានជាប្រក្រតី។
បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “កម្មវិធីជំនួបអ្នកនិពន្ធខ្មែរ-អន្តរជាតិ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងសៀមរាប លើប្រធានបទ៖ អ្នកនិពន្ធ គឺជាទូតសុច្ឆន្ទៈសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដើម្បីសន្តិភាព ដែលប្រធានបទនៃព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងពីគុណតម្លៃសន្តិភាព ដែលកម្ពុជា និងប្រជាជនកម្ពុជាត្រូវការសន្តិភាព។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព, យើងត្រូវការសន្តិភាព, យើងការពារសន្តិភាពគ្រប់កាលៈទេសៈ ដែលស្របទៅនឹងពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។
មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានស្នើដល់សមាគមអ្នកនិពន្ធចិន ឡាវ និងមីយ៉ាន់ម៉ា ចូលរួមជាមួយសមាគមអ្នកនិពន្ធខ្មែរ ក្នុងការប្រើនូវប៊ិចក្នុងការតាក់តែង និងសរសេររៀបរាប់នូវស្ថានភាពពិតប្រាកដ និងជាក់ស្តែងរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមូល៕
ដោយ៖តារា










