រុស្ស៊ីបញ្ចាក់ជាថ្មីពីការគាំទ្រ ដល់ប្រទេសវេណេហ្ស៊ុយអេឡា ក្នុងពេលដែលអាមេរិក បិទច្រកសមុទ្រCaribbean និងចាប់នាវាដឹកប្រេង និងដាក់គំនាបយោធា បង្កក្តីបារម្ភពីអសន្តិសុខក្នុងតំបន់។
ចំណែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២២ ខែធ្នូ បាននិយាយថាវានឹងក្លាយជារឿងឈ្លាសវៃ សម្រាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ចុះចេញពីតំណែង ខណៈនាវាចម្បាំងអាមេរិកកំពុងបិទខ្ទប់មិនឱ្យកប៉ាល់ដឹកប្រេងមួយចំនួនចេញចូលវ៉េណេស៊ុយអេឡា។
តែទោះជាបែបនេះក្ដី សម្ព័ន្ធមិត្តដ៏សំខាន់របស់វ៉េណេស៊ុយអេឡា គឺរុស្ស៉ីបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ក្នុងគ្រាដែលទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងបង្កើន ការដាក់សម្ពាធយោធាលើទីក្រុងការ៉ាកាស។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនៅឯភូមិគ្រឹះរបស់លោក ក្នុងរដ្ឋ Florida ថាតើការសម្លុតគំរាមរបស់ទីក្រុងវ៉ាស៊ីនតោនមានគោលដៅបង្ខំឱ្យ លោក ម៉ាឌូរ៉ូចុះចេញពីតំណែងឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «វាគឺអាស្រ័យលើលោក ម៉ាឌូរ៉ូ ហើយខ្ញុំគិតថាវានឹងក្លាយជារឿងឈ្លាសវៃសម្រាប់គាត់ធ្វើបែបនោះ (ចុះចេញពីតំណែង»។ លោក ត្រាំ បន្តថាប្រសិនបើលោក ម៉ាឌូរ៉ូនៅតែរឹងទទឹង នោះវានឹងក្លាយជាពេលវេលាចុងក្រោយដែលលោកអាចរឹងទទឹង។
ប៉ុន្មានម៉ោងក្រោយមក ជាការឆ្លើយតបទៅនឹងលោក ត្រាំ លោក ម៉ាឌូរ៉ូបាននិយាយថាវាជារឿងល្អដែលលោក ត្រាំ ត្រូវផ្តោតគិតគូរលើបញ្ហាសេដ្ឋកិច្ច និងសង្គមនៅក្នុងសហរដ្ឋអាមេរិក ជាជាង ផ្តោតលើវ៉េណេស៊ុយអេឡា។
សហរដ្ឋអាមេរិក ចាប់តាំងពីខែកញ្ញាមក បានដឹកនាំការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សយ៉ាងហោច ១០០នាក់មកទល់នឹងពេលនេះ។ យុទ្ធនាការយោធានេះផ្តោតជាសំខាន់លើវ៉េណេស៊ុយអេឡា បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ប្រកាសចាត់ទុកលោក ម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ និងជាមេកើយ របស់ពួកឧក្រិដ្ឋជនគ្រឿងញៀនវ៉េណេស៊ុយអេឡា ជាការចោទប្រកាន់មួយដែលលោក ម៉ាឌូរ៉ូបានបដិសេធ។ បន្ថែមពីលើនេះ ជាការបង្កើនការដាក់សម្ពាធ លោក ត្រាំ កាលពីថ្ងៃទី១៦ ខែធ្នូ បានប្រកាសពីការបិទខ្ទប់កប៉ាល់ដឹកប្រេងមួយចំនួនដែលជាប់ទណ្ឌកម្មចេញចូលវ៉េណេស៊ុយអេឡា និងថែមទាំងរឹបអូសកប៉ាល់ដឹកប្រេងមួយចំនួនផងដែរ៕
រូបថត: Sputnik










