ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន នេះបើយោងតាម សេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ មុខទំនិញសំខាន់ៗដែលត្រូវបានកែ សម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចខាងក្រោម ៖ 1- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់ ។
2- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម ។ 3- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា ។ 4- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន ។ 5- បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង ។ 6- បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី។ អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕ ដោយ សំរិត










