ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ «ដើរដោយជើងទទេរដើម្បីសន្តិភាព (Walking with Barefoot for Peace)» គឺជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលត្រូវបានប្រជាពលរដ្ឋខ្មែរចូលរួមជាច្រើនពាន់នាក់ ដោយបានដើរជុំវិញទីរួមខេត្តសៀមរាប ក្នុងគោលបំណងតែមួយគត់ គឺផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោក ជាពិសេស ជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាប ថា កម្ពុជា គឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលដឹកនាំដោយកញ្ញា នី មុន្នីនាថ ដោយបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។ ប្រជាពលរដ្ឋខ្មែរ សូមបង្ហាញជាសាធារណៈនូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពានពីភាគឺថៃ ដែលបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ការដើរដោយជើងទទេរ ដើម្បីសន្តិភាព ដោយភ្ជាប់ជាមួយការកាន់ផ្កាឈូកនេះ គឺជាសកម្មភាពដោយអហិង្សា និងជាសម្លេងរួមរបស់ប្រជាពលរដ្ឋ ដែលបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ប៉ុន្តែមិនអាចទទួលយកការឈ្លានពាន ការគំរាមកំហែង ឬការរំលោភលើដែនអធិបតេយ្យរបស់ជាតិបានឡើយ។ ជំហាននីមួយៗដែលយើងដើរ គឺជាការ បញ្ជាក់ពីឆន្ទៈដ៏មុតមាំ រួមជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាន ក្នុងប្តេជ្ញាការពារអធិបតេយ្យភាព បូរណៈភាព និងសិទ្ធិស្របច្បាប់របស់កម្ពុជា៕ដោយ៖តារា










