ភ្នំពេញ៖ មនុស្ស១៦នាក់និងទូហ្គេមបាញ់ត្រីចំនួន៧ទូត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបនិងឃាត់ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាលេងល្បែងហ្គេមបាញ់ត្រីនេះ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិបូរីកម្មករ ( ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រតិបត្តិការណ៍នេះ ដោយមានបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ និងដឹកនាំកម្លាំងផ្ទាល់ ដោយលោក សា រឹមវុទ្ធី អធិការរងខណ្ឌសែនសុខបានឲ្យលោកនាយប៉ុស្ដិ៍នគរបាលទឹកថ្លាសហការជាមួយកម្លាំងចម្រុះរបស់ស្នងការរាជធានីភ្នំពេញដែលចុះជួយខណ្ឌសែនសុខជាច្រើនទៀត។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ចែ សុង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលធ្វើការចាប់យកទូហ្គេមបាញ់ត្រីបាន១ទូរ និងទូហ្គេមបៀចំនួន៦ទូ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន និងលេងល្បែងហ្គេមខាងលើបាន១៦នាក់ ក្នុងនោះអ្នកលេងល្បែងហ្គេមបាញ់ត្រីខាងលើ៤នាក់រួមនិងដកហូតបានម៉ូតូចំនួន៨គ្រឿងផងដែរ។
ចំពោះប្រតិបត្តិការខាងលើនេះផងដែរ ពលរដ្ឋសាទរនិងចំណាត់ការរបស់អាជ្ញាធរខណ្ឌសែនសុខដែលតែងតែយកចិត្តទុកដាក់លើការបង្ក្រាបនិងបោសសំអាតល្បែងស៊ីសងទាំងនេះជាពិសេសល្បែងហ្គេមបាញ់ត្រី និងហ្គេមអនឡាញជាដើម។
តែទោះជាយ៉ាងនេះប្រជាពលរដ្ឋសំណោមពរដល់អាជ្ញាធរខណ្ឌមេត្តាបន្តបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងដែលនៅជាច្រើនកន្លែងទៀតដែលជា ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការ ចរាចរណ៍គ្រឿងញៀនបណ្តាលឲ្យសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការអភិវឌ្ឍ។
បច្ចុប្បន្នមនុស្សទាំង១៦នាក់ត្រូវបានបញ្ជូនយកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវរកសារធាតុញៀននិងចាត់ការទៅតាមនីតិវិធី ចំណែកទូហ្គេមចំនួន៧ទូយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខរងចាំធ្វើការវាយកំទិចចោលនៅពេលក្រោយ៕
ដោយ៖ តុង សីហា