តើទ្រព្យសម្បត្តិរបស់ កំពូលមហាសេដ្ឋីទាំង ៣ របស់ម៉ាឡេស៊ី បានផ្លាស់ប្តូរយ៉ាងដូចម្តេចនៅឆ្នាំ ២០២៥?

ចែករំលែក៖

ទ្រព្យសម្បត្តិរួម បុរសអ្នកមានបំផុតទាំងបីនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើង ៦,១ ពាន់លានដុល្លារនៅឆ្នាំនេះ។

 

១. លោក Robert Kuok

 

Robert Kuok ម្ចាស់ក្រុមហ៊ុន Kuok Group នៅតែជាបុរសមានបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១៤,១ ពាន់លានដុល្លារ កើនឡើង ២ ពាន់លានដុល្លារធៀបនឹងខែមីនា នៅពេលដែលទស្សនាវដ្តី Forbes ចងក្រងបញ្ជីប្រចាំឆ្នាំរបស់មហាសេដ្ឋីកំពូលរបស់ពិភពលោកនៅឆ្នាំនេះ។

វាមានន័យថា ពេលនេះ លោក Kuok នៅសល់ ៥ % ទៀតពីការវិលត្រលប់ទៅរកទ្រព្យសម្បត្តិកំពូលរបស់គាត់ដែលមានចំនួន ១៤,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។

ទ្រព្យសម្បត្តិរបស់គាត់បានហក់ឡើងប្រហែល ១១-១២ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ បុរសវ័យ១០២ឆ្នាំរូបនេះបានក្លាយជាបុរសមានបំផុតក្នុងប្រទេសម៉ាឡេស៊ីជាងមួយភាគ៥នៃជីវិតរបស់គាត់។

កើតនៅឆ្នាំ ១៩២៣ នៅ Johor រដ្ឋភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី Kuok គឺជាកូនពៅក្នុងចំណោមបងប្អូនបីនាក់។ ឪពុករបស់គាត់មានដើមកំណើតមកពីខេត្ត Fujian របស់ប្រទេសចិន ធ្វើការជាពាណិជ្ជករផ្នែកទំនិញកសិកម្ម។

គាត់បានទទួលមរតកពីអាជីវកម្មចែកចាយអង្កររបស់គ្រួសារនៅឆ្នាំ 1948 រួមជាមួយបងប្អូនរបស់គាត់ ហើយក្រោយមកបានបង្វែរទៅជាទំនិញដូចជាស្ករស និងម្សៅស្រូវសាលី បន្ទាប់ពីបានបង្កើតក្រុមហ៊ុនKuok Group។ អាជីវកម្មរបស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគាត់ត្រូវបានគេនិយាយថាធ្លាប់បានគ្រប់គ្រងប្រហែល 10% នៃទីផ្សារស្ករពិភពលោក ដែលធ្វើអោយគាត់ទទួលបានរហស្សនាមថា “ស្តេចស្ករអាស៊ី Sugar King of Asia”។

ក្រុមហ៊ុន Kuok Group ក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដូងធំជាងគេលើពិភពលោក និងបណ្តាញសណ្ឋាគារ Shangri-La ផងដែរ។ ទ្រព្យសម្បត្តិរបស់ Kuok ត្រូវបានគាំទ្របន្ថែមទៀតដោយទ្រព្យសម្បត្តិដែលកាន់កាប់តាមរយៈបណ្តាញក្រុមហ៊ុន រួមមាន Kuok (សិង្ហបុរី) Kuok Brothers នៅក្នុងប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Kerry Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

 

២. លោក Quek Leng Chan

 

ចំណាត់ថ្នាក់លេខពីរគឺលោក Quek Leng Chan ដែលមានទ្រព្យសម្បត្តិ ១០,៥ពាន់លានដុល្លារ កើនឡើង ៦០០លានដុល្លារធៀបនឹងខែមីនា។

ប្រធានក្រុមហ៊ុន Hong Leong ដែលមានអាយុ ៨៣ ឆ្នាំដែលមានចំណាប់អារម្មណ៍លើហិរញ្ញវត្ថុ អាហារ និងទ្រព្យសម្បត្តិ ត្រូវការ ១០០ លានដុល្លារបន្ថែមទៀតដើម្បីត្រឡប់ទៅរកទ្រព្យសម្បត្តិកំពូលរបស់គាត់ដែលមានចំនួន ១០,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។

គាត់បានទទួលមរតកមួយផ្នែកនៃទ្រព្យសម្បត្តិរបស់គាត់ពីឪពុករបស់គាត់ ដែលបានសហការបង្កើតក្រុមធនាគារក្នុងទសវត្សរ៍ឆ្នាំ 1920 ។ បងប្អូនជីដូនមួយរបស់ Quek ឈ្មោះ Kwek Leng Beng ដែលជាមហាសេដ្ឋីសហការគ្នាជាប្រធានក្រុមហ៊ុន Hong Leong Group នៅប្រទេសសិង្ហបុរី។

 

៣. លោក Lee Thiam Wah

 

មហាសេដ្ឋីលក់រាយ Lee Thiam Wah អាយុ ៦១ ឆ្នាំដែលបានក្លាយជាមហាសេដ្ឋីកាលពីឆ្នាំមុនឃើញថាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងចាប់តាំងពីខែមីនាជាមួយនឹងការបន្ថែម ៣,៥ ពាន់លានដុល្លារដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៧ ពាន់លានដុល្លារ។

គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ 99 Speed Mart Retail Holdings ដែលជាប្រតិបត្តិករហាងមីនីម៉ាតដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីមានចំនួនហាងជាច្រើន។ ក្រុមហ៊ុននេះបានផ្សព្វផ្សាយជាសាធារណៈនៅលើ Bursa Malaysia ក្នុងឆ្នាំ ២០២៤ ដោយរៃអង្គាសប្រាក់បានចំនួន ៥៣២ លានដុល្លារ។

លោក Lee បានបើកហាងដំបូងរបស់គាត់នៅទីក្រុងកំពង់ផែ Klang ក្នុងឆ្នាំ ១៩៨៧ មុនពេលលក់វា និងបានបង្កើតហាង Pasar Mini 99 នៅក្នុងឆ្នាំ ១៩៩២។

...

ក្នុងឆ្នាំ ២០០០ គាត់បាននាំយកបណ្តាញហាងដែលកំពុងពង្រីករបស់គាត់នៅក្រោមម៉ាកយីហោ 99 Speedmart ដែលចាប់តាំងពីពេលនោះមកបានរីកចម្រើនរហូតដល់ជិត ២.៧០០(ពីរពាន់ប្រាំពីររយ) ហាង។ កូនប្រុសរបស់គាត់ឈ្មោះ Lee Yan Zhong មានតួនាទីជានាយកជំនួសរបស់គាត់ ចំណែកប្រពន្ធរបស់គាត់គឺ Ng Lee Tieng ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print